ជនជាតិប៉ាឡេស្ទីន ៥៨០នាក់ត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ីស្រាអែលនៅតំបន់វេសប៊ែងនៅក្នុងខែមករា
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រុមកិច្ចការអ្នកទោសបាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពអ៊ីស្រាអែលបានចាប់ឃុំខ្លួនជនជាតិប៉ាឡេស្ទីនចំនួន ៥៨០នាក់នៅតំបន់វេសប៊ែង កាលពីខែមករា។
គណៈកម្មការកិច្ចការអ្នកជាប់ឃុំឃាំង និងសមាគមអ្នកទោសប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា អ្នកជាប់ឃុំឃាំងភាគច្រើនត្រូវបានបញ្ជូនទៅឃុំនៅទីក្រុងជេនីននៅភាគខាងជើង និងជំរុំជនភៀសខ្លួនរបស់ខ្លួន ជាកន្លែងដែលអ៊ីស្រាអែលបានបើកការវាយលុកដ៏សាហាវចាប់តាំងពីថ្ងៃទី២១ ខែមករា។
យោងតាមក្រុមសិទ្ធិមនុស្ស បានឱ្យដឹងថា ស្ត្រីចំនួន ១៧នាក់ និងកុមារ ៦០នាក់ស្ថិតក្នុងចំណោមអ្នកជាប់ឃុំក្នុងដែនដីកាន់កាប់មួយនេះ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា អ្នកស្រុកប៉ាឡេស្ទីនរាប់រយនាក់ក៏ត្រូវបានសួរចម្លើយដោយកងកម្លាំងអ៊ីស្រាអែលផងដែរក្នុងអំឡុងពេលនៃការវាយឆ្មក់យោធានៅតំបន់វេសប៊ែង។
ក្រុមសិទ្ធិមនុស្សបាននិយាយថា អ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន ៤នាក់បានស្លាប់ក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែលកាលពីក្នុងខែមករា។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ភាពតានតឹងបាននឹងកំពុងកើនឡើងខ្ពស់នៅទូទាំងតំបន់វេសប៊ែង ដោយជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៩១០នាក់ត្រូវបានសម្លាប់ និងប្រមាណជិត ៧.០០០នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារដោយកងទ័ពអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





