មនុស្សជាង ៦០០នាក់ត្រូវបានចាប់ខ្លួនពីបទធ្វើការដោយខុសច្បាប់នៅចក្រភពអង់គ្លេស
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- មន្ត្រីរបស់ចក្រភពអង់គ្លេសបានធ្វើការចាប់ខ្លួនមនុស្សជាង ៦០០នាក់កាលពីក្នុងខែមករា ដែលកើនឡើង៧៣% ពីចំនួន ៣៥២នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃចន្ទ។
ការចាប់ខ្លួនមនុស្សសរុបចំនួន ៦០៩នាក់នេះត្រូវបានធ្វើឡើងនៅក្នុងខែមករាដោយក្រុមអនុវត្តច្បាប់អន្តោប្រវេសន៍ក្នុងអំឡុងពេលវាយឆ្មក់ទៅលើបរិវេណទីតាំងចំនួន ៨២៨កន្លែង ដែលកើនឡើង ៤៨% បើប្រៀបធៀបទៅនឹងខែមករាឆ្នាំមុន រួមទាំងកន្លែងធ្វើក្រចក ហាងលក់ឥវ៉ាន់ភោជនីយដ្ឋាន និងកន្លែងលាងរថយន្តជាដើម។
ការចាប់ខ្លួននេះបានកើតឡើងនៅពេលដែលច្បាប់ស្តីពីសន្តិសុខតាមព្រំដែន សិទ្ធិជ្រកកោន និងអន្តោប្រវេសន៍របស់រដ្ឋាភិបាលត្រូវបានយកទៅកាន់សភាវិញសម្រាប់ការពិនិត្យលើកទីពីររបស់ខ្លួនកាលពីថ្ងៃចន្ទ។
វាបានកត់សម្គាល់ថា ការបង្រ្កាបសារជាថ្មីមួយនេះត្រូវបានធ្វើឡើងទៅលើអ្នកដែលប៉ុនប៉ងធ្វើឱ្យខូចខាតដល់ព្រំដែនរបស់ចក្រភពអង់គ្លេសដោយកាលពីខែមុនត្រូវបានមើលឃើញនូវកម្រិតខ្ពស់បំផុតមួយកាលពីក្នុងខែមករាក្នុងរយៈពេលជាងកន្លះទសវត្សរ៍កន្លងមកនេះសម្រាប់សកម្មភាពអនុវត្តច្បាប់។
នៅចន្លោះពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២៥ ទាំងការចូលទៅធ្វើការងារខុសច្បាប់ និងការចូលទៅកម្សាន្តខុសច្បាប់ មានការកើនឡើងប្រហែល ៣៨% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ១២ខែមុន។
ក្នុងអំឡុងពេលដូចគ្នានេះ ចាប់តាំងពីគណបក្សការងារឡើងកាន់អំណាចនាពេលបច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងអំពីការផាកពិន័យរដ្ឋប្បវេណីសរុបចំនួន១.០៩០ ខណៈដែលនិយោជកអាចប្រឈមមុខនឹងការផាកពិន័យរហូតដល់ ៦០.០០០ផោន(ជាង ៧៤.០០០ដុល្លារអាម៉េរិក) សម្រាប់ការជួលកម្មករខុសច្បាប់ម្នាក់ប្រសិនបើត្រូវបានរកឃើញថាមានការល្មើស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី អ៊ីវ៉េតតេ ឃូបភ័រ (Yvette Cooper បាននិយាយថា ច្បាប់អន្តោប្រវេសន៍ត្រូវតែគោរព និងអនុវត្ត។
លោកស្រីបានកត់សម្គាល់ថា «អស់រយៈពេលជាយូរមកហើយដែលនិយោជកកេងប្រវ័ញ្ចទៅលើជនចំណាកស្រុកខុសច្បាប់ ហើយមនុស្សជាច្រើនអាចចូលមកធ្វើការងារដោយខុសច្បាប់ ដោយមិនមានវិធានការអនុវត្តច្បាប់ណាមួយ»។
លោកស្រី ឃូបភ័រ បាននិយាយបន្ថែមថា «នោះហើយជាមូលហេតុដែលជាផ្នែកមួយនៃផែនការរបស់យើងសម្រាប់ការអនុវត្តនេះ ដោយយើងកំពុងជំរុញការអនុវត្តដើម្បីកត់ត្រានូវកម្រិត រួមជាមួយនឹងច្បាប់ថ្មីដ៏តឹងតែងដើម្បីកម្ទេចក្រុមឧក្រិដ្ឋជនដែលបំផ្លាញសន្តិសុខតាមព្រំដែនរបស់យើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





