ចិនព្រមានលោក ត្រាំ ប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- កាលពីថ្ងៃចន្ទ ប្រទេសចិនបានព្រមានដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា លទ្ធិគាំពារពាណិជ្ជកម្ម «មិនទៅណាទេ» ដោយជំរុញឱ្យលោកជៀសវាងការកើនឡើងនៃភាពតានតឹងទៅជាសង្រ្គាមពាណិជ្ជកម្ម។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជាគុន (Guo Jiakun)បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា «មិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមពន្ធគយទេ»។
ការអត្ថាធិប្បាយរបស់ទីក្រុងប៉េកាំងបានឆ្លើយតបទៅនឹងការប្រកាសរបស់លោក ត្រាំ ទាក់ទងនឹងលទ្ធភាពនៃការដាក់ពន្ធ ២៥% ទៅលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ ដោយលោក ត្រាំ បានអនុម័តពន្ធបន្ថែមចំនួន ១០% ទៅលើការនាំចូលផលិតផលចិន។
នៅក្នុងការសងសឹក ប្រទេសចិនបានដាក់ពន្ធផ្ទាល់ខ្លួនរហូតដល់ ១៥% ទៅលើការនាំចូលរបស់សហរដ្ឋអាមេរិក ដោយផ្តោតទៅលើវិស័យថាមពលនិងឧបករណ៍កសិកម្មជាចម្បង ដែលបានចូលជាធរមានកាលពីថ្ងៃចន្ទ។
ទោះបីជាលោក ត្រាំ បានផ្តល់ការបន្ធូរបន្ថយរយៈពេលមួយខែដល់ប្រទេសកាណាដា និងម៉ិកស៊ិកូទាក់ទងនឹងពន្ធក៏ដោយ ក៏ប៉ុន្តែលោកបានបន្តការយកពន្ធទៅលើការនាំចូលពីប្រទេសចិន ដោយមិនមានសញ្ញាច្បាស់លាស់នៃវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយនោះទេ។
យោងតាមការរាយការណ៍របស់សារព័ត៌មាន Financial Times បានឱ្យដឹងថា ក្រុមអ្នកជំនាញនៅទីក្រុងប៉េកាំងជឿជាក់ថា «កិច្ចពិភាក្សាអាចនឹងជាប់គាំងដោយសារតែលោក ត្រាំ កំពុងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាការដាក់សម្ពាធលើប្រទេសរុស្ស៊ីជុំវិញការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





