ប្រធានាធិបតីតួកគី៖ ការបំផ្លិចបំផ្លាញដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាត្រូវបានប៉ាន់ស្មានថាមានចំនួន ១០០ពាន់លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា ការចំណាយហិរញ្ញវត្ថុនៃការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១០០ពាន់លានដុល្លារអាម៉េរិក ហើយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ (Netanyahu) ជាអ្នកទទួលខុសត្រូវចំពោះការចំណាយដ៏ច្រើននេះ។
លោក អឺដូហ្គែន បាននិយាយនៅឯកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រតួកគី-ម៉ាឡេស៊ីនៃកិច្ចប្រជុំសតវត្សថ្មី ក្នុងទីក្រុងគូឡាឡាំពួរជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ថា «រដ្ឋបាលអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវជាមុនចំពោះការបំផ្លិចបំផ្លាញដែលខ្លួនបានបង្កឡើង ហើយជាមួយនឹងបញ្ហានេះ ដំណើរការកសាងឡើងវិញនៅតំបន់ហ្គាហ្សាគួរតែត្រូវបានចាប់ផ្តើម»។
ប្រធានាធិបតីតួកគីបាននិយាយថា ជំនួសឱ្យការស្វែងរកកន្លែងស្នាក់នៅសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាដែលលោកមិនអាចជម្លៀសពួកគេចេញពីទឹកដីរបស់ពួកគេបានទេ ដោយលោក ណេតាន់យ៉ាហ៊ូ គួរតែស្វែងរកប្រភពមួយដើម្បីរ៉ាប់រងការខូចខាតចំនួន ១០០ពាន់លានដុល្លារអាម៉េរិកដែលលោកបានបង្កឡើងនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។
លោក អឺដូហ្គែន បាននិយាយបន្ថែមថា «ផ្ទះ ដី និងកន្លែងធ្វើការដែលត្រូវបានរឹបអូសដោយរដ្ឋអ៊ីស្រាអែល ត្រូវតែប្រគល់ជូនប្រជាជនប៉ាឡេស្ទីនដែលជាម្ចាស់ពិតប្រាកដវិញ»។
សម្រាប់ភាគីម៉ាឡេស៊ី លោក អាន់វ៉ា បាននិយាយថា តួកគីគឺជាប្រទេសមួយដែលបានបង្កើនស្មារតី និងកិត្តិយសជាតិរបស់ខ្លួនយ៉ាងខ្លាំងហើយបានក្លាយជាមហាអំណាចភូមិសាស្ត្រនយោបាយមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





