ការស្ទង់មតិ BCCI៖ ធុរកិច្ចប៊ុលហ្គារីត្រូវការនិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្ម ជាងអគ្គិសនី ជាងដែក និងជាងក្រឡឹង
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រមាណជិត ៨០% នៃអ្នកតំណាងធុរកិច្ចនៅក្នុងប្រទេសប៊ុលហ្គារីដែលបានចូលរួមក្នុងការស្ទង់មតិដែលធ្វើឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មប៊ុលហ្គារី (BCCI) បានរាយការណ៍ពីតម្រូវការដ៏សំខាន់សម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្របច្ចេកទេស។ លើសពីនេះទៀត ២២% បានបង្ហាញអំពីតម្រូវការសម្រាប់អ្នកឯកទេសខាងវិទ្យាសាស្ត្រធម្មជាតិ គណិតវិទ្យា និងព័ត៌មានវិទ្យា ខណៈដែល ១៩% ចង្អុលបង្ហាញអំពីវិទ្យាសាស្ត្រសង្គម សេដ្ឋកិច្ច និងច្បាប់។ ប្រហែល ៦០% នៃអ្នកចូលរួមការស្ទង់មតិនោះ បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់កម្មករជំនាញដែលមានការអប់រំមធ្យមសិក្សា ដែលរួមមានបុគ្គលិកបច្ចេកទេស ជាងអគ្គិសនីជាងផ្សារដែក ប្រតិបត្តិករម៉ាស៊ីន មេកានិក អ្នកបច្ចេកទេស អ្នកបើកភ្លើងបុគ្គលិកផ្នែកលក់ អ្នករត់តុ ជាងកាត់ដេរ និងអ្នកឯកទេសបំពង់ទឹកក្នុងចំណោមឯកទេសផ្សេងៗទៀត។ លទ្ធផលនៃការស្ទង់មតិនោះត្រូវបានចែករំលែកនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន BTA ដោយប្រធាន BCCI លោក ធីស្វេតាន់ ស៊ីមេអូណូវ (Tsvetan Simeonov)។
ការបោះពុម្ពផ្សាយសម្រាប់ឆ្នាំ២០២៥ នៃការស្ទង់មតិប្រចាំឆ្នាំមួយនេះត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ។ វាទាក់ទងទៅនឹងសេចក្តីព្រាងសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបញ្ជាក់អំពីចំនួននិស្សិត និងបេក្ខភាពបណ្ឌិតដែលត្រូវចូលរៀននៅសាកលវិទ្យាល័យរដ្ឋ និងស្ថាប័នស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
លោក ស៊ីមេអូណូវ បានពន្យល់ថា BCCI ប្រមូលទិន្នន័យអំពីតម្រូវការកម្លាំងពលកម្មក្នុងវិស័យវិជ្ជាជីវៈជាក់លាក់ ហើយបំពេញវាជាមួយនឹងសំណួរស្ទង់មតិអំពីភាពចាំបាច់របស់អ្នកឯកទេសដែលមានការអប់រំមធ្យមសិក្សាក៏ដូចជាការវាយតម្លៃជំនាញ និងចំណេះដឹងរបស់និស្សិតបញ្ចប់ការសិក្សា។
តម្រូវការសូចនាករខ្ពស់បំផុតដែលត្រូវបានរាយការណ៍ដោយក្រុមហ៊ុនធុរកិច្ច គឺសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យផ្នែកថែទាំសុខភាព និងកីឡា (ត្រូវការអ្នកជំនាញជាង ៥០០នាក់) វិស្វកម្ម និងវិទ្យាសាស្រ្តបច្ចេកទេស (ជាង ៣៦០នាក់) វិទ្យាសាស្ត្រកសិកម្ម និងពេទ្យសត្វ (ជាង ៧០នាក់) និងការការពារ និងសន្តិសុខ (ជាង ៣០នាក់)។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិនោះ។
លើសពីនេះទៀត ៩០% នៃអ្នកចូលរួមការស្ទង់មតិបាននិយាយថានិស្សិតបញ្ចប់ការសិក្សានៅប្រទេសប៊ុលហ្គារី ខ្វះជំនាញវិជ្ជាជីវៈ និងការអនុវត្តគ្រប់គ្រាន់។ យោងតាម ៤៤% នៃនិយោជកដែលបានស្ទង់មតិ បានឱ្យដឹងថា និស្សិតបញ្ចប់ការសិក្សាខ្វះជំនាញទំនាក់ទំនង ខណៈដែល៣៦% បានចង្អុលបង្ហាញពីកង្វះចំណេះដឹងផ្នែកសេដ្ឋកិច្ចជាមូលដ្ឋានហើយមានតែ ១៨% នៃអ្នកចូលរួមប៉ុណ្ណោះដែលបានវាយតម្លៃចំពោះចំណេះដឹង និងជំនាញរបស់និស្សិតបញ្ចប់ការសិក្សាថា មានភាពល្អប្រសើរ និងមានការពេញចិត្ត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





