ក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ីសាងសង់រោងចក្រផលិតរថយន្តអគ្គីសនីថ្មីមួយ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ីProton បានចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ថ្មីមួយរបស់ខ្លួននៅឯតំបន់បច្ចេកវិទ្យាខ្ពស់តាន់ជុងម៉ាលីមក្នុងប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុន Proton បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០៧ ខែកុម្ភៈថា ជាមួយនឹងគោលដៅនៃការបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៥ក្នុងតម្លៃវិនិយោគ ៨២លានរីងហ្គីត (១៨,៤៦លានដុល្លារអាម៉េរិក) ដំណាក់កាលដំបូងនៃរោងចក្រដំឡើងរថយន្ត EV របស់ក្រុមហ៊ុននេះនឹងមានសមត្ថភាពផលិតតាមការគ្រោងទុកដំបូងចំនួន ២០.០០០គ្រឿងក្នុងមួយឆ្នាំ។
នៅពេលដែលបញ្ចប់ការសាងសង់ រោងចក្រនេះនឹងផលិតម៉ូដែលជាច្រើនដោយផ្អែកលើវេទិកា Global Modular Architecture (GMA) ដែលចាប់ផ្តើមជាមួយនឹងរថយន្ត EV ម៉ូដែល Proton e.MAS 7 ដែលជាម៉ូដែលរថយន្ត EV ដំបូងបង្អស់ពីម៉ាករថយន្តម៉ាឡេស៊ី។
នៅក្នុងដំណាក់កាលទីពីរ សមត្ថភាពផលិតនឹងកើនឡើងដល់៤៥.០០០គ្រឿងក្នុងមួយឆ្នាំ ដោយផ្អែកលើតម្រូវការនៅក្នុងប្រទេសម៉ាឡេស៊ីនិងទីផ្សារក្រៅប្រទេស។
លោក លី ជុនរ៉ុង (Li Chunrong) នាយកប្រតិបត្តិក្រុមហ៊ុន Proton បាននិយាយថា រថយន្តដែលផលិតនៅក្នុងរោងចក្រថ្មីនេះនឹងបម្រើដល់អតិថិជនក្នុងស្រុក និងទីផ្សារនាំចេញរបស់ក្រុមហ៊ុន ខណៈដែលវាក្លាយជាកាតាលីករជំរុញកំណើននៃទីផ្សាររថយន្ត EV ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





