ប្រទេសចិន និងឥណ្ឌូណេស៊ីបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃទី០៧ខែកុម្ភៈថា ខ្លួនបានបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណទ្វេភាគីជាមួយធនាគារឥណ្ឌូណេស៊ី។
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួន ធនាគារ PBOC បាននិយាយថាតម្លៃសរុបនៃកិច្ចព្រមព្រៀងនោះ គឺ ៤០០ពាន់លានយ័ន (ប្រហែល ៥៥,៧៩ពាន់លានដុល្លារអាម៉េរិក) ។ កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ៥ឆ្នាំ ហើយអាចបន្តបានតាមការព្រមព្រៀងពីគ្នាទៅវិញទៅមក។
ការរៀបចំការផ្លាស់ប្តូររូបិយប័ណ្ណនឹងពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសចិន និងឥណ្ឌូណេស៊ី ជំរុញ និងសម្រួលដល់វិស័យពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ ព្រមទាំងការពារស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





