ឥណ្ឌូណេស៊ីគ្រោងនឹងកាត់បន្ថយថវិកា ៨០% សម្រាប់ក្រសួងសាធារណការ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសាធារណការឥណ្ឌូណេស៊ី លោក ដូឌី ហាងហ្គោដូ (Dody Hanggodo) បាននិយាយថាក្រសួងរបស់លោកកំពុងប្រឈមមុខនឹងការកាត់បន្ថយថវិកាយ៉ាងច្រើនដល់ទៅ ៨០% ក្នុងឆ្នាំ២០២៥ ពីចំនួន ១១០,៩៥ទ្រីរូពៀ (៦,៦ប៊ីលានដុល្លារអាម៉េរិក) កាលពីក្នុងឆ្នាំ២០២៤ មកនៅត្រឹម ២៩,៥៧ទ្រីលានរូពៀ។
ថ្លែងនៅក្នុងកិច្ចប្រជុំការងារមួយជាមួយគណៈកម្មការទី៥ នៃសភាតំណាងរាស្រ្តឥណ្ឌូណេស៊ី (DPR RI) កាលពីថ្ងៃទី០៦ ខែកុម្ភៈ លោកបាននិយាយថា ជាមួយនឹងថវិកានេះ ក្រសួងនឹងផ្តល់អាទិភាពទៅលើវិស័យចំនួនបួននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឆ្នាំនេះ ដែលនៅក្នុងនោះរួមមានផ្លូវថ្នល់ និងស្ពាន (៧៤២លានដុល្លារអាម៉េរិក) ធនធានទឹក (៥៩៤លានដុល្លារអាម៉េរិក) សំណង់ (២២៤លានដុល្លារអាម៉េរិក) និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ (៦៩លានដុល្លារអាម៉េរិក)។
កម្មវិធីមួយចំនួនដែលផ្តួចផ្តើមឡើងដោយក្រសួង រួមមានការសាងសង់ផ្លូវថ្មីប្រវែង ៦៣គីឡូម៉ែត្រ ការបង្កើនសមត្ថភាព និងរក្សាការកែលម្អផ្លូវដែលមានស្រាប់ប្រវែង ៣៤២គីឡូម៉ែត្រ ការកសាងផ្លូវបង់ប្រាក់ចំនួន១៣គីឡូម៉ែត្រ និងការអភិវឌ្ឍតំបន់ធារាសាស្ត្រចំនួន ៤៥០ហិកតា។
លោក ហាងហ្គោដូ បាននិយាយថា ប្រសិទ្ធផលថវិកានឹងប៉ះពាល់ដល់ការងារនៅក្នុងក្រសួង។ បន្ថែមពីលើនៃការលុបចោលផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្រសួងនឹងលុបចោលការទិញឧបករណ៍ថ្មី និងបង្កើនប្រសិទ្ធភាពឧបករណ៍ធុនធ្ងន់ដែលមានស្រាប់ អនុវត្តគោលការណ៍ណែនាំតឹងរ៉ឹងសម្រាប់ការធ្វើដំណើរផ្លូវការ លុបបំបាត់សកម្មភាពពិធីបុណ្យនិងការផ្លាស់ប្តូរទៅជាបរិយាកាសការិយាល័យធ្វើការដែលមិនប្រើប្រាស់ក្រដាស។
នៅពេលមុននេះ ក្រសួងហិរញ្ញវត្ថុបានចេញលិខិតមួយបង្គាប់ឱ្យក្រសួង ស្ថាប័នទាំងអស់អនុវត្តប្រសិទ្ធផលថវិកាទៅលើមុខចំណាយចំនួន១៦ដែលជាការអនុវត្តតាមការណែនាំរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីសម្រាប់ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





