អង្គការ FAO គាំទ្រដល់វិស័យកសិកម្មរបស់ឥណ្ឌូណេស៊ីជាការឆ្លើយតបទៅនឹងហានិភ័យនៃជំងឺ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារអាជ្ញាធរចត្តាឡីស័កឥណ្ឌូណេស៊ី (Barantin) និងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានប្រកាសពីការបញ្ចប់ដោយជោគជ័យនៃគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស (TCP) ក្នុងគោលបំណងពង្រឹងប្រព័ន្ធជីវសុវត្ថិភាពរបស់ប្រទេសឥណ្ឌូណេស៊ី។
ប្រធានទីភ្នាក់ងារ Barantin លោក សាហាត់ អេម ប៉ាងហ្គាបៀន (Sahat M. Panggabean) បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តវិធានការជីវសុវត្ថិភាពដ៏រឹងមាំ ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើនឡើងដែលបង្កឡើងដោយសត្វល្អិត និងជំងឺ ដែលបង្ហាញពីហានិភ័យធ្ងន់ធ្ងរដល់វិស័យសុខភាពសាធារណៈ និងសេដ្ឋកិច្ច។
លោកបានកត់សម្គាល់ថា ដោយមានការគាំទ្រពីអង្គការ FAO ទីភ្នាក់ងារ Barantin បានបោះជំហានយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពរបស់ទីភ្នាក់ងារនេះដើម្បីដោះស្រាយការគំរាមកំហែងផ្នែកជីវសុវត្ថិភាពការពារធនធានធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។
លោក ប៉ាងហ្គាបៀន ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសាធារណៈជន រដ្ឋាភិបាល និងឧស្សាហកម្ម ឱ្យរួបរួមគ្នាក្នុងការគាំទ្រគំនិតផ្តួចផ្តើមជីវសុវត្ថិភាពជាតិ និងពង្រឹងវិធានការចត្តាឡីស័កសម្រាប់ប្រសិទ្ធភាពកាន់តែច្រើនឡើង។
ទន្ទឹមនឹងនេះដែរ អ្នកតំណាងអង្គការ FAO ប្រចាំប្រទេសឥណ្ឌូណេស៊ីនិងទីម័រឡេស្តេ លោក រ៉ាជេនដ្រា អារីយ៉ាល់ (Rajendra Aryal) បានកោតសរសើរចំពោះការបញ្ចប់គម្រោងនេះ ដោយបានហៅវាថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ដើម្បីបង្កើនប្រព័ន្ធជីវសុវត្ថិភាពរបស់ខ្លួន។
លោក អារីយ៉ាល់ បានបញ្ជាក់ដូចដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានអាន់តារ៉ារបស់ឥណ្ឌូណេស៊ីថា «តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា យើងអាចបង្កើតប្រព័ន្ធជីវសុវត្ថិភាពដែលមានភាពធន់ និងនិរន្តរភាព ដែលការពារដល់វិស័យកសិកម្ម និងបសុសត្វរបស់ប្រទេសឥណ្ឌូណេស៊ីសម្រាប់មនុស្សជំនាន់ក្រោយ» ដោយលោកបាននិយាយបន្ថែមថាអង្គការ FAO នៅតែប្តេជ្ញាផ្តល់ជំនួយ និងជំនាញបន្ថែមទៀតដល់ឥណ្ឌូណេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





