ឥណ្ឌូណេស៊ីជំរុញទេសចរណ៍ម្ហូបអាហារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងទេសចរណ៍ឥណ្ឌូណេស៊ីបានគូសបញ្ជាក់អំពីបេតិកភណ្ឌម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេសនេះដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានកាន់តែច្រើន។
លោក ហារីយ៉ាន់តូ (Hariyanto) អនុប្រធានផ្នែកទេសចរណ៍ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី០៧ ខែកុម្ភៈថា ទេសចរណ៍ម្ហូបអាហារ គឺជាកម្មវិធីអាទិភាពមួយរបស់ប្រទេសឥណ្ឌូណេស៊ីទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
មន្ត្រីរូបនេះបានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីមានមុខម្ហូបក្នុងស្រុកជាច្រើនដែលភ្ញៀវទេសចរបរទេសអាចជ្រើសរើសបាន ដូចជាបាយឆា ហ្គាដូ-ហ្គាដូ (សាឡាត់ជាមួយទឹកជ្រលក់សណ្តែកដី) និងសូតូ (ស៊ុបប្រពៃណីឥណ្ឌូណេស៊ី)។
លោកបានបន្តថា ទេសចរណ៍ម្ហូបអាហារឥណ្ឌូណេស៊ី គឺគ្មានដែនកំណត់ និងគួរឱ្យចាប់អារម្មណ៍ ដូច្នេះសក្តានុពលក្នុងការបង្កើនការចំណាយរបស់ភ្ញៀវទេសចរបរទេសគឺធំជាងបើប្រៀបធៀបទៅនឹងគោលដៅនៅក្នុងប្រទេសដទៃទៀត។
ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ម្ហូបអាហារឥណ្ឌូនេស៊ី លោកបាននិយាយថា បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើផលិតផលម្ហូបអាហារដើម្បីធានាថា ផលិតផលទេសចរណ៍អាចឈានឡើងមួយកម្រិតទៀត ហើយក្រសួងក៏កំពុងយកចិត្តទុកដាក់ទៅលើវិស័យទេសចរណ៍សុខភាព អាហារសិល្បៈ សមុទ្រ និងម៉ូដទាន់សម័យផងដែរ។
យោងតាមទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានឱ្យដឹងថា ការចំណាយជាមធ្យមរបស់ភ្ញៀវទេសចរបរទេសក្នុងអំឡុងពេលដំណើរកម្សាន្តរបស់ពួកគេទៅកាន់ប្រទេសឥណ្ឌូណេស៊ី គឺមានប្រហែល១.៣៩១ដុល្លារអាម៉េរិកកាលពីក្នុងឆ្នាំ២០២៤។
ប្រធានស្តីទីនៃទីភ្នាក់ងារ BPS លោក អាម៉ាលីយ៉ា អាឌីនីងហ្ការ វីឌីយ៉ាសាន់ទី (Amalia Adininggar Widyasanti) បាននិយាយថា ការចំណាយភាគច្រើនគឺសម្រាប់ការស្នាក់នៅក៏ដូចជាអាហារ និងភេសជ្ជៈ ដែលមានចំនួន ៥៧,៤៩% នៃការចំណាយសរុបរបស់អ្នកទេសចរបរទេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





