មនុស្ស ៦នាក់បានស្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅភាគខាងកើតប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានរដ្ឋ(NNA) បានរាយការណ៍ថា មនុស្ស ៦នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលសំដៅទៅលើតំបន់ al-Shaara ក្បែរទីក្រុងចាន់តា ក្នុងជ្រលងភ្នំបេកា ភាគខាងកើតនៃប្រទេសលីបង់។
ទីភ្នាក់ងារ NNA ក៏បានរាយការណ៍ផងដែរថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលកំពុងធ្វើការហោះហើរក្នុងរយៈកម្ពស់ពាក់កណ្តាលពីលើភាគខាងត្បូងប្រទេសលីបង់ ខណៈដែលយោធាអ៊ីស្រាអែលបានធ្វើប្រតិបត្តិការបំផ្ទុះនៅក្នុងភូមិអាដេសសេហ៍ ដែលមានទីតាំងនៅភាគខាងកើតនៃតំបន់ព្រំដែន ភាគខាងត្បូងប្រទេសលីបង់។
នៅពេលភាពតានតឹងកើនឡើង សាលាក្រុងមួយចំនួននៅភាគខាងលិច និងកណ្តាលភាគខាងត្បូងលីបង់បានចេញសេចក្ដីព្រមានដល់អ្នកស្រុក អ្នកកាសែត និងអ្នកទស្សនាអំពីវត្តមានគ្រាប់មីនដែលបានបន្សល់ទុកដោយកងកម្លាំងអ៊ីស្រាអែល ដែលមួយចំនួនត្រូវបានប្រែក្លាយទៅជាអន្ទាក់សំដៅលើជនស៊ីវិល។ នេះបើយោងតាមទីភ្នាក់ងារ NNA ។
ទោះបីជាបទឈប់បាញ់ដែលបានចូលជាធរមាននៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ដោយបញ្ចប់ជម្លោះរយៈពេលមួយឆ្នាំរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលក៏ដោយ ក៏កងកម្លាំងអ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារជាបន្តបន្ទាប់នៅក្នុងប្រទេសលីបង់ ដោយលើកឡើងពីការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយក្រុមហេសបូឡាហ៍។
រដ្ឋាភិបាលលីបង់បានថ្កោលទោសជាបន្តបន្ទាប់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល។ បន្ទាប់ពីអ៊ីស្រាអែលបានបរាជ័យក្នុងការបំពេញតាមកាលកំណត់ដែលដកខ្លួនដំបូងចេញពីប្រទេសលីបង់ភាគខាងត្បូង ដោយអាជ្ញាធរលីបង់បានពន្យាពេលដល់ថ្ងៃទី១៨ ខែកុម្ភៈ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





