ជនស៊ីវិលរាប់សិបនាក់បានស្លាប់នៅក្នុងការវាយប្រហារភេរវកម្មនៅភាគខាងជើងប្រទេសម៉ាលី
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មដោយក្រុមរដ្ឋឥស្លាមនៅតំបន់ Greater Sahara (ISGS) ជិតទីក្រុងកូបេ ភាគខាងជើងប្រទេសម៉ាលី។
សេចក្តីរាយការណ៍បាននិយាយថា សមាជិកជាង ២០០នាក់នៃក្រុមរដ្ឋឥស្លាម ISGS បានវាយប្រហារក្បួនរថយន្តស៊ីវិលដែលអមដោយកងកម្លាំងប្រដាប់អាវុធម៉ាលី បណ្តាលឱ្យមនុស្សស្លាប់ពី ៤៥នាក់ទៅ ៦០នាក់ និងរងរបួសជាច្រើននាក់។ អ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងក្បែរនោះ ។
ក្បួនរថយន្តដែលត្រូវបានវាយប្រហារដោយក្រុមភេរវកររួមមានឡានក្រុងចំនួន ២២គ្រឿង រថយន្តក្រុងធំៗចំនួន ៦គ្រឿង និងរថយន្តដឹកទំនិញចំនួន ៨គ្រឿង ដែលរថយន្តជាច្រើនគ្រឿងត្រូវបានលួច និងដុតបំផ្លាញ។ អាជ្ញាធរម៉ាលីមិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការលើការវាយប្រហារនេះទេ។
ចាប់តាំងពីឆ្នាំ២០១២ មក ប្រទេសម៉ាលីបាននឹងកំពុងប្រឈមមុខនឹងវិបត្តិដ៏ជ្រៅ និងចម្រុះដែលបណ្តាលមកពីការបះបោរបំបែកខ្លួន ការលុកលុយរបស់ក្រុមជីហាដ និងអំពើហិង្សាអន្តរសហគមន៍ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់សែននាក់បានភៀសខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





