ការដាច់ចរន្ដអគ្គីសនីបានកើតឡើងនៅទូទាំងប្រទេសស្រីលង្កា
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រុមប្រឹក្សាភិបាលអគ្គិសនីCeylon Electricity Board (CEB) បានប្រកាសថា អាជ្ញាធរស្រីលង្កាបាននឹងកំពុងធ្វើការដើម្បីស្តារថាមពលឡើងវិញ បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
យោងតាមក្រុមប្រឹក្សា CEB បានឱ្យដឹងថា ការដាច់ចរន្តអគ្គីសនី គឺបណ្តាលមកពីការ សង្គ្រោះបន្ទាន់នៅស្ថានីយបណ្តាញអគ្គិសនីPanadura ក្នុងខេត្តភាគខាងលិចរបស់ប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងថាមពលលោក គូម៉ារ៉ា ចាយ៉ាកូឌី (Kumara Jayakody) បានរាយការណ៍ថា ការដាច់ភ្លើងនេះបង្កឡើងដោយសត្វស្វាមួយក្រុមដែលចូលក្នុងស្ថានីយ៍ និងរងការខូចខាត។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធលូបានជំរុញឱ្យសាធារណជនរក្សាទឹករហូតដល់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុង។ ប្រទេសស្រីលង្កាបានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីនេះ ដោយសារតែបញ្ហានៅអនុស្ថានីយ៍៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





