លោក អាល់ ប័រហាន់ ប្រកាសបង្កើតរដ្ឋាភិបាលថ្មី
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក អាប់ដេល ហ្វាតតា អាល់ ប័រហាន់ (Abdel Fattah al-Burhan) ដែលកំពុងកាន់អំណាចនៅក្នុងប្រទេសស៊ូដង់ បាននិយាយថា រដ្ឋាភិបាលថ្មីនឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗនេះ ដើម្បីគ្រប់គ្រងកិច្ចការរបស់ប្រទេសចំពេលមានសង្គ្រាមស៊ីវិលដ៏ខ្លាំងក្លា។
ក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអាល់ ប័រហាន់ ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាល និងជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំជាមួយកងកម្លាំងនយោបាយនៅទីក្រុងផតស៊ូដង់។
សេចក្តីថ្លែងការណ៍បានដកស្រង់សំដីលោក អាល់ ប័រហាន់ ថា«រយៈពេលខាងមុខនឹងធ្វើជាសាក្សីនៃការបង្កើតរដ្ឋាភិបាលមួយដើម្បីបំពេញភារកិច្ចអន្តរកាល ហើយអាចនឹងត្រូវបានគេហៅថាជារដ្ឋាភិបាលស្ដីទីឬរដ្ឋាភិបាលសម័យសង្រ្គាម»។ លោកបាននិយាយថា គោលបំណងរបស់រដ្ឋាភិបាលថ្មី គឺដើម្បីគាំទ្រយោធាក្នុងការ «បោសសម្អាតប្រទេសស៊ូដង់ពីក្រុមឧទ្ទាម»។
លោក អាល់ ប័រហាន់ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងមានឥស្សរជនជាតិឯករាជ្យ ហើយបដិសេធការចរចាជាមួយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដែលកងកម្លាំង SAF បានចូលរួមក្នុងសង្គ្រាមស៊ីវិលបង្ហូរឈាមតាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣។
លោកបាននិយាយថា «នឹងមិនមានការចរចាជាមួយក្រុមឧទ្ទាមទេ ប៉ុន្តែប្រសិនបើពួកគេដាក់អាវុធ ហើយដកខ្លួនចេញពីផ្ទះជនស៊ីវិល យើងអាចពិចារណានិយាយជាមួយរដ្ឋាភិបាល»។ យោងតាមអង្គការអន្តរជាតិ បានឱ្យដឹងថា ជម្លោះនេះបានឆក់យកជីវិតមនុស្សប្រហែល ២៧.០០០នាក់ និងបានជម្លៀសមនុស្សជាង ១៥លាននាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





