អាហ្រ្វិកខាងត្បូងសម្តែងការព្រួយបារម្ភចំពោះការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិក ចំពេលមានជម្លោះគោលនយោបាយដីធ្លី
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងសហប្រតិបត្តិការ (DIRCO) បាននិយាយថា ប្រទេសអាហ្រ្វិកខាងត្បូងបានសម្តែងការព្រួយបារម្ភចំពោះបទបញ្ជាប្រតិបត្តិរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយជំនួយហិរញ្ញវត្ថុដល់ប្រទេសនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃសុក្រ ដើម្បីកាត់បន្ថយជំនួយហិរញ្ញវត្ថុសម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង ដោយលោកបានលើកឡើងពីការមិនយល់ព្រមចំពោះគោលនយោបាយដីធ្លីរបស់ខ្លួន និងចោទប្រកាន់ប្រទេសនេះពីបទ «រឹបអូសទ្រព្យសម្បត្តិកសិកម្មរបស់ជនជាតិភាគតិច Afrikaners »។ ចំណាត់ការនេះក៏កើតមានឡើងចំពេលមានសំណុំរឿងប្រល័យពូជសាសន៍របស់ប្រទេសអាហ្វ្រិកខាងត្បូងប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន គឺប្រទេសអ៊ីស្រាអែលនៅឯតុលាការយុត្តិធម៌អន្តរជាតិ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយជិត ៤៤០លានដុល្លារអាម៉េរិកដល់ប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០២៣។
ជម្លោះរវាងប្រទេសទាំងពីរបានចាប់ផ្តើមនៅដើមសប្តាហ៍នេះនៅពេលដែលលោក ត្រាំ គំរាមដកមូលនិធិសម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែច្បាប់ស្តីពីអស្សាមិករណ៍ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ដែលអនុញ្ញាតឱ្យស្ថាប័នសាធារណៈធ្វើការដកហូតដីធ្លីជាប្រយោជន៍សាធារណៈ។
នៅក្នុងបទបញ្ជាប្រតិបត្តិរបស់រដ្ឋបាលសហរដ្ឋអាមេរិក បាននិយាយថាខ្លួនមិនអាចគាំទ្រការចោទប្រកាន់របស់រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងពីការរំលោភសិទ្ធិមនុស្ស និងបានណែនាំភ្នាក់ងាររបស់ខ្លួនឱ្យបញ្ឈប់ជំនួយដល់ប្រទេសអាហ្វ្រិកខាងត្បូង។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) នៅថ្ងៃចន្ទនេះបានច្រានចោលការអះអាងដែលថា ច្បាប់អស្សាមិករណ៍មានគោលបំណងរឹបអូសយកដី និងបានបង្ហាញឆន្ទៈក្នុងការចូលរួមជាមួយរដ្ឋបាលរបស់លោក ត្រាំ លើគោលនយោបាយកំណែទម្រង់ដីធ្លី និងបញ្ហាទ្វេភាគីផ្សេងទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





