អនុប្រធានសភាអេហ្ស៊ីប៖ ចិនអាចដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រឧស្សាហកម្មឆ្នាំ២០២៤-២០៣០ របស់អេហ្ស៊ីប
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- អនុប្រធានសភាអេហ្ស៊ីប លោក ម៉ូហាមេដ អាប៊ូ អេល អេនេអ៊ីន (Mohamed Abou El-Enein) បាននិយាយថា ប្រទេសចិនអាចដើរតួយ៉ាងសំខាន់ក្នុងការជំរុញយុទ្ធសាស្ត្រឧស្សាហកម្មរបស់ប្រទេសអេហ្ស៊ីបសម្រាប់ឆ្នាំ២០២៤-២០៣០។
លោក អាប៊ូ អេល អេនេអ៊ីន បានប្រាប់សារព័ត៌មាន Xinhua នៅខាងក្រៅសន្និសីទសេដ្ឋកិច្ច Akhbar El Youm លើកទី១១ នៅរដ្ឋធានីគែរប្រទេសអេហ្ស៊ីបថា «ប្រទេសចិនគឺជាដៃគូឧស្សាហកម្មដ៏សំខាន់ ហើយពិតជាអាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យយុទ្ធសាស្រ្តឧស្សាហកម្មរបស់ប្រទេសអេហ្ស៊ីបទទួលបានជោគជ័យ»។
លោកបានគូសបញ្ជាក់ពីការគាំទ្ររបស់ប្រទេសចិនសម្រាប់ប្រទេសអេហ្ស៊ីបក្នុងវិស័យឧស្សាហកម្មផ្សេងៗ ដោយលោកបានកត់សម្គាល់ថាក្រុមហ៊ុនចិនជាច្រើនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអេហ្ស៊ីបកំពុងបន្ថែមតម្លៃដ៏អស្ចារ្យដល់វិស័យសេដ្ឋកិច្ចអេហ្ស៊ីប។
លោក អាប៊ូ អេល អេនេអ៊ីន បាននិយាយថា «ខ្ញុំសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងពង្រីកនៅក្នុងផ្នែកបច្ចេកទេសទាក់ទងនឹងឧស្សាហកម្មនាពេលអនាគត និងបញ្ញាសិប្បនិមិត្ត ដូច្នេះវារួមចំណែកដល់ការស្តារឡើងវិញនៃវិស័យសេដ្ឋកិច្ចប្រទេសអេហ្ស៊ីបក្នុងគ្រប់ទិដ្ឋភាពទាំងអស់»។ លោកក៏បានចង្អុលបង្ហាញថា ប្រទេសចិនឥឡូវនេះកំពុងជួយប្រទេសអេហ្ស៊ីបក្នុងការធ្វើមូលដ្ឋានីយកម្មឧស្សាហកម្មរថយន្តដោយការបើករោងចក្រផលិតរថយន្តនៅក្នុងប្រទេស។
លោកបាននិយាយថា «ប្រទេសចិនអាចទាញយកអត្ថប្រយោជន៍ពីទីតាំងភូមិសាស្រ្តរបស់ប្រទេសអេហ្ស៊ីបជាការតភ្ជាប់រវាងទ្វីបអាហ្រ្វិក និងសហភាពអឺរ៉ុប» ដោយលោកបានបន្ថែមថា «ប្រទេសចិនក៏នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសអេហ្ស៊ីប និងប្រទេសជាច្រើននៅក្នុងតំបន់ និងនៅអឺរ៉ុប ដែលបើកទីផ្សារថ្មីសម្រាប់ផលិតផលចិនដែលផលិតនៅក្នុងប្រទេសអេហ្ស៊ីប»។
សន្និសីទសេដ្ឋកិច្ច Akhbar El Youm គឺជាវេទិកាប្រចាំឆ្នាំដែលអ្នកជំនាញ អ្នកតំណាងមកពីសហគមន៍ធុរកិច្ច និងមន្ត្រីរដ្ឋាភិបាលផ្លាស់ប្តូរការយល់ដឹង និងគំនិតសេដ្ឋកិច្ច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





