ពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥
AKP កំពង់ឆ្នាំង ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ ដែលប្រព្រឹត្តទៅនៅទីលានកីឡាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរទាំង៨ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះលោក សឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានរៀបចំការប្រកួតកីឡាជ្រើស រើសជើង ឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤-២០២៥ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ ដែលមានសិស្សមកពីសាលា បឋមសិក្សា និងមធ្យមសិក្សាមកពីក្រុង ស្រុក ទូទាំងខេត្ត បានចូលរួមប្រកួតលើវិញ្ញាសាចំនួន០៣ ក្នុងនោះមាន វិញ្ញាសាបាល់ទាត់ បាល់ទះ និងអត្តពលកម្ម។

លោកប្រធានមន្ទីរបានការកោតសរសើរចំពោះមន្ត្រីអប់រំក្រុង ស្រុក និងប្រតិភូដឹកនាំកីឡាបានខិតខំបង្វឹក និងរៀបចំក្រុមកីឡា ចូលរួមប្រកួតបង្កលក្ខណៈ និងបង្កើតព្រឹត្តការណ៍ទៅដោយរលូនដោយទទួលខុសត្រូវ។ ព្រឹត្តការណ៍ក្នុការប្រកួត ប្រកបដោយស្មារតីទទួលខុសត្រូវ និងទទួលយកលទ្ធផលចាញ់-ឈ្នះជាសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ អ្នកទទួលបានជោគជ័យគឺកើតចេញពីការផ្តល់នូវកិច្ចសហការល្អ បច្ចេកទេស និងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្តធ្វើឱ្យដំណើការប្រកួតកាន់តែសុក្រឹត និងទទួលបាននូវលទ្ធផលវិជ្ជមាន។

ទន្ទឹមនឹងនេះ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា កីឡាករ កីឡាការនី គឺជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នា។ វេទិកាកីឡាគឺជាការលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់អោយកីឡាករ និងគូរប្រកួតមានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ និងល្បិចកលរបស់ខ្លួន ដើម្បីទទួលជ័យជំនះដោយកិត្តិយស។ ទន្ទឹមនេះដែរ វិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។

លោកអភិបាលរងខេត្តបានបន្តថា ការលេងកីឡាអាចដោះស្រាយបញ្ហាប្រឈមនានា និងបានដំណើរការយ៉ាងសុក្រឹត ទទួលបានលទ្ធផលវិជ្ជមាន ហើយលទ្ធផលដែលយើងទទួលបាននាពេលនេះ ពិតជាស័ក្តិសមសម្រាប់កីឡាករ កីឡាការិនី ដែលត្រូវបានវិនិច្ឆ័យនូវលក្ខណៈសម្បត្តិ កាយសម្បទា និងលក្ខខណ្ឌដទៃទៀតដោយគណៈកម្មការរៀបចំការប្រកួត។ កីឡាមិនគ្រាន់តែផ្តល់នូវ កាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំ ទៅលើផ្លូវចិត្ត និងសីលធម៌ តែធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា និងប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ សុចរិតភាព ឆ្លើយតបតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិ យើងត្រូវបង្កើនសកម្មភាពកីឡាឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការបំផុសចលនាអប់រំកាយ ក្នុងស្រទាប់ ប្រជាជននិងយុវវ័យរបស់យើងនៅតាមសាលារៀន និងតាមសហគមន៍៕
ដោយ បៃ ស៊ីថុន





