ឥណ្ឌូណេស៊ីពន្យារការផ្លាស់ប្តូរមន្ត្រីរាជការទៅកាន់រដ្ឋធានីថ្មីនូសាន់តារ៉ា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីបានពន្យារពេលជាផ្លូវការនៃការផ្លាស់ទីលំនៅរបស់មន្ត្រីរាជការទៅកាន់ទីក្រុងនូសាន់តារ៉ា (Nusantara) ជារដ្ឋធានីថ្មីរបស់ខ្លួនដោយសារតែការពន្យារពេលក្នុងការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកង្វះកន្លែងសម្រាប់ការិយាល័យធ្វើការ។
ការផ្លាស់ប្តូរទីលំនៅនេះត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានពន្យារពេលបីដងកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងកំណែទម្រង់រដ្ឋបាល និងការិយាធិបតេយ្យឥណ្ឌូណេស៊ី លោកស្រី រីនី វីដឌីយ៉ានទីនី (Rini Widyantini) បាននិយាយថា មិនមានផែនការថ្មីសម្រាប់ការផ្លាស់ប្តូរទីលំនៅនេះទេ ដោយសារតែមានការពន្យារពេលជាបន្តបន្ទាប់ក្នុងការសាងសង់អគារការិយាល័យ និងលំនៅដ្ឋានសម្រាប់មន្ត្រីរាជការនៅរដ្ឋធានីនូសាន់តារ៉ា។
លោកស្រី វីដឌីយ៉ានទីនី បានពន្យល់ថា ការកែសម្រួលស្ថាប័ននៅក្នុងក្រសួងរដ្ឋាភិបាល រួមជាមួយនឹងការផ្លាស់ប្តូរចំនួនក្រសួង និងស្ថាប័ន កំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការផ្លាស់ប្តូរទីលំនៅនេះ។ លោកស្រីបានកត់សម្គាល់ថា ការពន្យារពេលនេះមិនទាក់ទងនឹងការកាត់បន្ថយថវិការបស់រដ្ឋាភិបាលនាពេលថ្មីៗនេះទេ។
ដើមឡើយ កិច្ចការនេះគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៤ បន្ទាប់មកការផ្លាស់ប្តូរទីលំនៅនេះត្រូវបានពន្យារពេលដល់ខែកញ្ញា ខែតុលា និងនៅទីបំផុតពន្យារពេលដល់ខែមករា ឆ្នាំ២០២៥។ ការពន្យាពេលដែលមិនមានកាលកំណត់បានធ្វើឱ្យមានភាពមិនច្បាស់លាស់បន្ថែមទៀតទៅលើពេលវេលារបស់គម្រោង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





