ថៃពន្យារការអនុញ្ញាតការងារដល់ពលករមកពីបណ្តាប្រទេសជិតខាង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការងាររបស់ថៃ លោក ភីផាត់ រ៉ាត់ចាគីតប្រាកាន (Phiphat Ratchakitprakarn) បានប្រកាសកាលពីថ្ងៃទី០៥ ខែកុម្ភៈថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តទៅលើការបន្តប័ណ្ណការងារសម្រាប់ពលករចំណាកស្រុកមកពីប្រទេសវៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។
ដូច្នេះ ប័ណ្ណការងារសម្រាប់ពលករឡាវ និងវៀតណាម ត្រូវបានបន្តរយៈពេលបីខែរហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ខណៈដែលពលករកម្ពុជា និងមីយ៉ាន់ម៉ា អាចស្នាក់នៅក្នុងប្រទេសថៃបានរយៈពេល ៦ខែបន្ថែមទៀតរហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
សេចក្តីសម្រេចនេះនឹងអនុញ្ញាតឱ្យនិយោជកដាក់ឯកសារចាំបាច់ដើម្បីបន្តការស្នាក់នៅ និងធ្វើការងាររបស់ពលករឡាវ និងវៀតណាម រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងពន្យាពេលសម្រាប់ពលករកម្ពុជា និងមីយ៉ាន់ម៉ា រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៧ ជាមួយនឹងជម្រើសនៃការបន្តរយៈពេលពីរឆ្នាំបន្ថែមទៀត។
បច្ចុប្បន្ននេះ មានពលករចំណាកស្រុកប្រមាណ ២,៤លាននាក់ត្រូវបានអនុញ្ញាតឱ្យធ្វើការងារក្រោមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលក្នុងនោះមានប្រហែល ១,២លាននាក់ត្រូវបាននិយោជកដាក់ពាក្យស្នើសុំរួចរាល់ហើយ។
លោក ស៊ុមឆៃ ម៉ូរ៉ាកតស្រ៊ីវ៉ាន់ (Somchai Morakotsriwan) អគ្គនាយកនៃនាយកដ្ឋានការងារបានប្រកាសថា នាយកដ្ឋានបាននឹងកំពុងជំរុញយ៉ាងសកម្មដល់និយោជក អាជីវកម្ម និងពលករចំណាកស្រុកឱ្យដាក់បញ្ជីតម្រូវការពលករបរទេសរបស់ខ្លួនត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ហើយបានជំរុញឱ្យពួកគេបំពេញបែបបទទាំងអស់ក្នុងរយៈពេលដែលបានកំណត់ ដើម្បីជៀសវាងបញ្ហាឬការពន្យារពេលក្នុងការស្នើសុំប័ណ្ណការងារ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





