ប្រ៊ុយណេ និងចិនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សាជាមួយស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ ព្រះអង្គម្ចាស់ ហាជី ហាស់សាណាល់ បុលគៀ មូអ៊ីសហ្សាដឌីន វ៉ាដដូឡា (Haji Hassanal Bolkiah Mu'izzaddin Waddaulah) ដែលកំពុងបំពេញព្រះរាជទស្សនកិច្ចក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី០៦ ខែកុម្ភៈ។
លោក ស៊ី បាននិយាយថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាង ៣០ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយយ៉ាងស៊ីជម្រៅ រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងសកម្ម និងសម្រេចបានលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ។ ពួកគេក៏បានរក្សាការសម្របសម្រួលដ៏ល្អក្នុងកិច្ចការអន្តរជាតិ និងតំបន់ ព្រមទាំងបានរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ផងដែរ។
មេដឹកនាំចិនរូបនេះបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងការតភ្ជាប់ជាយុទ្ធសាស្ត្រជាមួយប្រទេសប្រ៊ុយណេ លើកទឹកចិត្តសហគ្រាសចិនឱ្យបានកាន់តែច្រើនក្នុងការវិនិយោគ និងចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេស និងគាំទ្រប្រ៊ុយណេក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មថាមពលថ្មី។
ចំណែកភាគីប្រ៊ុយណេវិញ ស្តេចស៊ុលតង់ប្រ៊ុយណេបានអះអាងថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះមានឆន្ទៈក្នុងការពង្រឹងការជឿទុកចិត្តផ្នែកនយោបាយជាមួយប្រទេសចិន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅទៅលើវិស័យមួយចំនួន ដូចជាវិស័យពាណិជ្ជកម្ម កសិកម្ម នេសាទ និងថាមពល ទន្ទឹមនឹងការជំរុញការផ្លាស់ប្តូរវប្បធម៌ផងដែរ។ ប្រទេសប្រ៊ុយណេក៏ប្តេជ្ញារក្សាពហុភាគីនិយម ពាណិជ្ជកម្មសេរី និងការពារផលប្រយោជន៍រួមរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងឱកាសនោះ នៅចំពោះមុខប្រមុខរដ្ឋនៃប្រទេសទាំងពីរ តំណាងមកពីក្រសួង និងស្ថាប័ននានារបស់ប្រទេសចិន និងប្រ៊ុយណេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងវិស័យយុត្តិធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





