ក្រុមហ៊ុន Toyota នឹងសាងសង់រោងចក្រផលិតរថយន្ដ Lexus នៅទីក្រុងស៊ាងហៃ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រុមហ៊ុន តូយ៉ូតា ម៉ូទ័រ ខប (Toyota Motor Corp) បានប្រកាសថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្ដឡិចស៊ីស (Lexus) ថ្មីនៅក្នុងទីក្រុងស៊ាងហៃ ខណៈដែលក្រុមហ៊ុនស្វែងរកការពង្រឹង ការអភិវឌ្ឍ និងសមត្ថភាពផលិតរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិន។
រោងចក្រដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៧ ឬក្រោយនេះ នឹងផ្តោតលើការផលិតរថយន្តអគ្គិសនី (EVs) និងអាគុយរថយន្ត។
មិនដូចការបណ្តាក់ទុនពីមុននៅក្នុងប្រទេសចិនទេ រោងចក្រនេះនឹងគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Toyota ជាជាងដំណើរការជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។ សមត្ថភាពផលិតដំបូងត្រូវបានគេរំពឹងថានឹងមានប្រហែល ១០០.០០០គ្រឿងក្នុងមួយឆ្នាំ ជាមួយនឹងការងារថ្មីប្រហែល ១.០០០កន្លែងត្រូវបានគ្រោងទុកនៅពេលចាប់ផ្តើមប្រតិបត្តិការ។
ក្រុមហ៊ុនបានបង្កើនការព្យាករណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់ខែមីនា ឆ្នាំ២០២៥ ដល់ ៤,៥២ទ្រីលានយ៉េន (ប្រហែល ២៩,៥ប៊ីលានដុល្លារអាម៉េរិក) ពីការប៉ាន់ប្រមាណទុកជាមុនរបស់ខ្លួនចំនួន ៣,៥៧ទ្រីលានយ៉េន ចំពេលមានការស្ទុះងើបឡើងវិញនៃផលិតកម្ម និងការធ្លាក់ចុះនៃប្រាក់យ៉េន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





