ស្លាប់ ២៣នាក់ និងបាត់ខ្លួន ២នាក់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅបូលីវី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- មន្ត្រីម្នាក់បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសបូលីវីបានឆក់យកជីវិតមនុស្ស ២៣នាក់ ហើយបានជម្លៀសប្រជាជនជាង ១០៩.០០០ គ្រួសារនៅក្នុងខេត្តចំនួន ៨ក្នុងចំណោមខេត្តទាំង ៩របស់ប្រទេសនេះ។
អនុរដ្ឋមន្ត្រីក្រសួងការពារជនស៊ីវិល លោក ជ័ន កាឡូស កាល់វីម៉ុនតេស (Juan Carlos Calvimontes) បានប្រាប់សន្និសីទសារព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនឡើងពី ១៩នាក់ដល់ ២៣នាក់ដោយសារតែទឹកជំនន់នៅក្នុងខេត្តជូគីសាកាភាគខាងត្បូង ខេត្តឡាប៉ាហ្សភាគខាងលិច ខេត្តតារីចាភាគខាងត្បូង ខេត្តកូចាបាមបាភាគកណ្តាល ខេត្តសាន់តា គ្រូហ្សភាគខាងកើត និងខេត្តប៉ូតូស៊ី ភាគនិរតី លោកបានបន្ថែមថា មនុស្ស ២នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន។
កាលពីសប្ដាហ៍មុន ចំនួនគ្រួសារដែលត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ឬរងផលប៉ះពាល់ដោយទឹកជំនន់បានកើនឡើងពី ៨៤.០២៩គ្រួសារដល់ ១០៩.១៥៦គ្រួសារដែលបង្ហាញពីទំហំនៃគ្រោះមហន្តរាយធម្មជាតិ។
អនុរដ្ឋមន្ត្រីបាននិយាយថា ចាប់តាំងពីខែវិច្ឆិកាមក សាលាក្រុងចំនួន ៧៦កន្លែង និងសហគមន៍ចំនួន ១.៣១៤កន្លែងត្រូវបានរងផលប៉ះពាល់ ដោយផ្ទះចំនួន ៦៥២ខ្នងត្រូវបានខូចខាត ក្នុងនោះមាន ៣៣២ខ្នងត្រូវបានបំផ្លាញទាំងស្រុង។
សាលាខេត្តឡាប៉ាហ្សបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីខែមុន ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងក្រុងមួយចំនួន។ មន្ត្រីដដែលបានព្រមានថា ភ្លៀងនឹងបន្តធ្លាក់បន្តបន្ទាប់ទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





