លោក ស៊ី ជួបពិភាក្សាជាមួយប្រធានាធិបតីប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សាជាមួយប្រធានាធិបតីប៉ាគីស្ថាន លោក អាស៊ីហ្វ អាលី ហ្សារដារី (Asif Ali Zardari) នៅទីក្រុងប៉េកាំង។
លោក ស៊ី បាននិយាយថា ប្រទេសចិន និងប៉ាគីស្ថាន រីករាយនឹងមិត្តភាពដ៏រឹងមាំ និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកបាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានផ្តល់ការគាំទ្រផ្នែកនយោបាយយ៉ាងម៉ឺងម៉ាត់ចំពោះគ្នាទៅវិញទៅមក រក្សាការផ្លាស់ប្តូរកម្រិតកំពូលយ៉ាងជិតស្និទ្ធ និងជំរុញការកសាងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលជាគំរូដ៏ល្អសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក ស៊ី បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសប៉ាគីស្ថាន ដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន ពន្លឿនការកសាងសហគមន៍ចិន-ប៉ាគីស្ថានកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី នាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ និងរួមចំណែកកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ដោយកត់សម្គាល់ថា នៅឆ្នាំក្រោយគឺជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប៉ាគីស្ថាន លោក ស៊ី បានអំពាវនាវឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការអប់រំ និងប្រព័ន្ធផ្សព្វផ្សាយ ដោយមានគោលបំណងផ្ទេរទំនាក់ទំនងមិត្តភាពចិន-ប៉ាគីស្ថាន ពីមួយជំនាន់ទៅមួយជំនាន់។
លោក ហ្សារដារី បាននិយាយថា ប្រទេសប៉ាគីស្ថាននឹងឈរយ៉ាងខ្ជាប់ខ្ជួនជាមួយប្រទេសចិន មិនថាស្ថានភាពប្រែប្រួលយ៉ាងណានោះទេ។ លោកបានសម្តែងការកោតសរសើរចំពោះជំនួយដែលប្រទេសចិនបានផ្តល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសប៉ាគីស្ថាន។ លោកបាននិយាយថា ប្រទេសប៉ាគីស្ថានមានឆន្ទៈក្នុងការរៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់ប្រទេសចិន និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីសម្រេចបាននូវឧស្សាហូបនីយកម្ម និងទំនើបកម្ម។
លោកបានបន្ថែមថា ប្រទេសប៉ាគីស្ថានមានឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីរក្សាពហុភាគីនិយម ការពារពាណិជ្ជកម្មសេរី និងលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនសន្ធឹកសន្ធាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





