នាយករដ្ឋមន្ត្រីចិនជួបជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន នៅទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានជួបជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សាដៀ ចាប៉ារ៉ូវ (Sadyr Japarov) ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។
ដោយកត់សម្គាល់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន បានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោក លី បាននិយាយថា មូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នាទៅវិញទៅមកត្រូវបានពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានធ្វើឱ្យប្រសើរឡើង និងការផ្លាស់ប្តូរមិត្តភាពបានចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងនៃប្រជាជនទាំងពីរ។
លោក លី បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលប្រធានាធិបតីនៃប្រទេសទាំងពីរទទួលបាន គាំទ្រយ៉ាងមុតមាំគ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗទាក់ទងនឹងផលប្រយោជន៍ស្នូល ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមចំណែកកាន់តែប្រសើរឡើងដល់ការជំរុញទំនើបកម្មរៀងៗខ្លួន។
លោកបានបន្ថែមថា ប្រទេសចិននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាននៅក្នុងអង្គការសហប្រជាជាតិ និងយន្តការពហុភាគីផ្សេងទៀត ពង្រឹងយន្តការចិន-អាស៊ីកណ្តាល និងជំរុញកិច្ចសហប្រតិបត្តិការជាលំដាប់ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រតិបត្តិការស៊ាងហៃ។
លោក ចាប៉ារ៉ូវ បាននិយាយថា ប្រទេសកៀហ្ស៊ីស៊ីស្ថានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់យុគសម័យថ្មីជាមួយប្រទេសចិន ហើយមានឆន្ទៈក្នុងការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរកម្រិតកំពូលជាមួយប្រទេសចិន ធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅទាក់ទងនឹងការតភ្ជាប់ កសិកម្ម ហិរញ្ញវត្ថុ ការរុករករ៉ែ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍ និងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន និងពង្រឹងការផ្លាស់ប្តូរយុវជន និងវប្បធម៌រវាងប្រទេសទាំងពីរ។
លោក ចាប៉ារ៉ូវ បានបន្ថែមថា ប្រទេសកៀហ្ស៊ីស៊ីស្ថានស្វាគមន៍សហគ្រាសចិនកាន់តែច្រើនក្នុងការវិនិយោគនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ហើយនឹងផ្តល់នូវបរិយាកាសធុរកិច្ចប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវសម្រាប់សហគ្រាសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





