ទីតាំងបុរាណវត្ថុចំនួន ២២៦កន្លែងត្រូវបានខូចខាតនៅតំបន់ហ្គាហ្សា ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងទេសចរណ៍ និងវត្ថុបុរាណប៉ាឡេស្ទីន បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លាញទីតាំងបុរាណវត្ថុចំនួន ២២៦កន្លែងនៅតំបន់ហ្គាហ្សា អំឡុងពេលសង្គ្រាមជាមួយនឹងការចំណាយលើការជួសជុលប៉ាន់ស្មានថាមានចំនួន ២៦១លានអឺរ៉ូ។
ក្រសួងបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនស្តីពីតំបន់បេតិកភណ្ឌវប្បធម៌ថា ការវាយតម្លៃការខូចខាតបានបង្ហាញថា ទីតាំងចំនួន ១៣៨កន្លែងបានរងការខូចខាតយ៉ាងដំណំ ៦១កន្លែងរងការខូចខាតមធ្យម និង២៧កន្លែងរងការខូចខាតតិចតួច ខណៈដែល ៩០កន្លែងនៅដដែល។
ក្រសួងបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថាបានកំណត់គោលដៅដោយចេតនាលើទីតាំងប្រវត្តិសាស្ត្រ ដែលជាមូលដ្ឋានសម្រាប់អត្តសញ្ញាណជាតិប៉ាឡេស្ទីន។
ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមប៉ាឡេស្ទីននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកហាម៉ាស់លើទីក្រុងភាគខាងត្បូងអ៊ីស្រាអែលដែលបណ្តាលឱ្យមនុស្សប្រហែល ១.២០០នាក់បានស្លាប់។ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៧.០០០នាក់ និងបានបង្កការខូចខាតយ៉ាងច្រើននៅក្នុងតំបន់។
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា អគារដែលរងការខូចខាតរួមមានច្រើនជាង ៩០% នៃលំនៅដ្ឋាននៅតំបន់ហ្គាហ្សា ដោយអាគារចំនួន ១៦០.០០០កន្លែងត្រូវបានបំផ្លាញ និង២៧៦.០០០កន្លែងទៀតរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ឬដោយផ្នែក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





