អ្នកនាំពាក្យ៖ ចិនប្រឆាំងនឹងការជម្លៀសប្រជាជនដោយបង្ខំនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បាននិយាយថា ប្រទេសចិនមានជំនឿថា «ប្រជាជនប៉ាឡេស្ទីនគ្រប់គ្រងប៉ាឡេស្ទីន» គឺជាគោលការណ៍គ្រឹះនៃអភិបាលកិច្ចក្រោយជម្លោះនៃតំបន់ហ្គាហ្សា។
អ្នកនាំពាក្យរូបនេះបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើសុន្ទរកថារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) លោកបាននិយាយថា សហរដ្ឋអាមេរិកនឹង «កាន់កាប់» និង «គ្រប់គ្រង» តំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីបានបញ្ជូនជនជាតិប៉ាឡេស្ទីនដែលរស់នៅទីនោះទៅកាន់ប្រទេសជិតខាង ដូចជាប្រទេសហ្សកដានី និងអេហ្ស៊ីប។
លោក លីន បានកត់សម្គាល់ថា ប្រទេសចិនមានជំនឿថា «ប្រជាជនប៉ាឡេស្ទីនគ្រប់គ្រងប៉ាឡេស្ទីន» គឺជាគោលការណ៍គ្រឹះនៃការគ្រប់គ្រងក្រោយជម្លោះនៃតំបន់ហ្គាហ្សា។
លោកបាននិយាយថា «យើងប្រឆាំងនឹងការផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រជាជននៅតំបន់ហ្គាហ្សា ហើយយើងសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងឆ្លៀតឱកាសចំពោះបទឈប់បាញ់ និងអភិបាលកិច្ចក្រោយជម្លោះនៅតំបន់ហ្គាហ្សា ដោយនាំសំណួរប៉ាឡេស្ទីនត្រឡប់ទៅរកផ្លូវត្រូវនៃដំណោះស្រាយនយោបាយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





