វគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំតម្រង់ទិសវិជ្ជាជីវៈ នៅវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្រពីអគ្គលេខាធិការដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអប់រំតម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ឬជំនាញបច្ចេកទេសវិជ្ជាជីវៈ» នៅវិទ្យាល័យស្រែអំបិល ។

គោលបំណងនៃការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃអន្ដរាគមន៍គាំទ្រដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សា ដើម្បីផ្ដល់មូលដ្ឋានក្នុងការស្វែងយល់ពីខ្លួនឯង និងព័ត៌មានទីផ្សារការងារ ក៏ដូចជាការវិវត្តផ្នែកសេដ្ឋកិច្ច សង្គម ដែលជះឥទ្ធិពលដល់តម្រូវការជំនាញនៃកម្លាំងពលកម្មកម្ពុជាយើង ដើម្បីត្រួសត្រាយបង្ហាញផ្លូវដល់ពួកគេឱ្យទទួលបានព័ត៌មាន និងមានលទ្ធភាពពេញលេញក្នុងការសម្រេចចិត្តរៀបចំផែនការសិក្សា ផែនការអាជីព ជាពិសេសសំដៅដល់ការគាំទ្រក្នុងការជ្រើសរើសមុខជំនាញបន្ដការសិក្សានៅកម្រិតឧត្តមសិក្សា នាពេលខាងមុខ ប្រកបដោយភាពប្រាកដនិយម។

វគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំតម្រង់ទិសវិជ្ជាជីវៈ មានការចូលរួមពីមន្ត្រីនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ មន្ត្រីសាលាស្រុកស្រែអំបិល ការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ សរុប៣៥២នាក់៕

ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





