ប្រធានរដ្ឋសភាចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃទៅកាន់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ការិយាល័យប្រធានរដ្ឋសភា បាននិយាយថា ប្រធានរដ្ឋសភា លោក វូ វ៉ុនស៊ីក (Woo Won-shik) បានធ្វើដំណើរទៅកាន់ប្រទេសចិនរយៈពេល ៥ថ្ងៃកាលពីថ្ងៃពុធ ដើម្បីជួបជាមួយមន្ត្រីចិន និងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ Asian Winter Games នៅទីក្រុងហាប៊ីន។
លោក វូ គ្រោងនឹងជួបលោក ហ្សៅ ឡេជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ និងមន្ត្រីចិនផ្សេងទៀតដើម្បីពិភាក្សាអំពីវិធីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
យោងតាមការិយាល័យ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ លោកក៏មានគម្រោងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលក្នុងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ប្រធានាធិបតី លោក យូន ស៊ុកយុល(Yoon Suk Yeol) កាលពីថ្ងៃទី៣ ខែធ្នូ និងពិភាក្សាអំពីការអភិរក្ស និងការគ្រប់គ្រងទីតាំងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងចលនាឯករាជ្យកូរ៉េនៅក្នុងប្រទេសចិន។
នៅថ្ងៃសុក្រ លោក វូ នឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ Asian Winter Games ជាកន្លែងដែលលោកត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស់ បាច់ (Thomas Bach) រួមជាមួយនឹងឥស្សរជនផ្សេងទៀតមកពីបណ្តាប្រទេសអាស៊ី។
មន្ត្រីជាន់ខ្ពស់រដ្ឋសភាបាននិយាយថា ការពិភាក្សាកំពុងដំណើរការដើម្បីសម្របសម្រួលកិច្ចប្រជុំដ៏មានសក្តានុពលរបស់លោក វូ ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ប៉ុន្តែកាលវិភាគមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





