ជនចំណាកស្រុកចំនួន ៥៩២នាក់ត្រូវបានស្ទាក់ចាប់នៅឆ្នេរសមុទ្រលីប៊ី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បាននិយាយថា ជនចំណាកស្រុកចំនួន ៥៩២នាក់ត្រូវបានស្ទាក់ចាប់នៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី។
អង្គការ IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនចំណាកស្រុកចំនួន ៥៩២ នាក់ ក្នុងនោះមានស្ត្រី ៦៤នាក់ និងកុមារ ៣៣នាក់ត្រូវបានស្ទាក់ចាប់ហើយបានត្រឡប់ទៅប្រទេសលីប៊ីវិញ អង្គការបានបន្ថែមថា ជនចំណាកស្រុកចំនួន ៧នាក់បានបាត់ខ្លួន ហើយសាកសពចំនួន ២១នាក់ត្រូវបានស្រង់ចេញពីឆ្នេរសមុទ្រលីប៊ី។
អង្គការ IOM បានបន្ថែមថា រហូតមកដល់ពេលនេះ ជនចំណាកស្រុកសរុបចំនួន ២.៣៩៨ នាក់ត្រូវបានស្ទាក់ចាប់នៅសមុទ្រ ហើយត្រឡប់ទៅប្រទេសលីប៊ីវិញ ខណៈដែល ៣៦នាក់បានស្លាប់នៅលើសមុទ្រមេឌីទែរ៉ានេ។
ក្នុងឆ្នាំ២០២៤ ជនចំណាកស្រុកសរុបចំនួន ២១.៧៦២នាក់ត្រូវបានជួយសង្គ្រោះ និងត្រឡប់ទៅលីប៊ីវិញ ខណៈដែល ៦៧៤នាក់បានស្លាប់និង១.០១៥នាក់បានបាត់ខ្លួន រួមទាំងអ្នកដែលចាកចេញពីប្រទេសលីប៊ី និងប្រទេសដទៃទៀត។
ចាប់តាំងពីការដួលរលំនៃមេដឹកនាំចុងក្រោយ លោក ម៉ាមម៉ារ ហ្គាដដាហ្វី (Muammar Gaddafi) ក្នុងឆ្នាំ២០១១ ជនចំណាកស្រុកដែលភាគច្រើនជាជនជាតិអាហ្វ្រិកបានជ្រើសរើសឆ្លងកាត់សមុទ្រមេឌីទែរ៉ានេទៅកាន់ច្រាំងសហភាពអឺរ៉ុបពីប្រទេសលីប៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





