ប្រធានាធិបតីអេហ្ស៊ីប និងព្រះមហាក្សត្របារ៉ែន ពិភាក្សាអំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាតាមទូរស័ព្ទ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) និងព្រះមហាក្សត្រនៃប្រទេសបារ៉ែន ព្រះអង្គម្ចាស់ ហាមេដ ប៊ីន អ៊ីសា អាល់ ខាលីហ្វា (Hamad bin Isa Al Khalifa) បានពិភាក្សាគ្នាអំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាតាមទូរស័ព្ទ។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា លោក ស៊ីស៊ី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដែលបានអនុវត្តន៍ដើម្បីធានាបាននូវការអនុវត្តន៍ពេញលេញនៃកិច្ចព្រមព្រៀង រួមទាំងការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកជាប់ឃុំ រួមទាំងការប្រគល់ជំនួយមនុស្សធម៌ និងការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាជន។
ប្រធានាធិបតីអេហ្ស៊ីបក៏បានគូសបញ្ជាក់ផងដែរថា «សារៈសំខាន់នៃការកសាងតំបន់ហ្គាហ្សាឡើងវិញ និងការចាំបាច់សម្រាប់ជំហរបណ្ដាប្រទេសនៅអារ៉ាប់ គឺដើម្បីពង្រឹងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា»។
ចំណែកឯព្រះមហាក្សត្របារ៉ែនបានសរសើរពីតួនាទីរបស់ប្រទេសអេហ្ស៊ីបក្នុងការសម្រុះសម្រួលបទឈប់បាញ់ ខណៈពេលដែលព្រះអង្គបានបញ្ជាក់ពី «ភាពចាំបាច់នៃការអនុវត្តកិច្ចព្រមព្រៀងពេញលេញចំពោះការចាប់ផ្តើមដំណើរការនយោបាយដែលអំណោយផលដល់កិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ដោយសម្រេចបាននូវស្ថិរភាពក្នុងតំបន់»។
អ៊ីស្រាអែល និងក្រុមហាម៉ាស់បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់បីដំណាក់កាលក្នុងខែមករា ដែលសម្របសម្រួលដោយប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បន្ទាប់ពីមានការប្រយុទ្ធគ្នាជាង ១៥ខែនៅតំបន់ហ្គាហ្សា។ ដំណាក់កាលដំបូងដែលចាប់ផ្តើមពីថ្ងៃទី១៩ ខែមករា មានរយៈពេល ៦សប្តាហ៍ ហើយរួមបញ្ចូលទាំងការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ការបង្កើនជំនួយទៅកាន់តំបន់ហ្គាហ្សានិងការដកកងទ័ពអ៊ីស្រាអែលមួយផ្នែកចេញពីតំបន់។
សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីស្ថានភាពក្នុងតំបន់កាន់តែទូលំទូលាយ រួមទាំងការវិវឌ្ឍនៅក្នុងប្រទេសស៊ីរី លីបង់ លីប៊ី និងស៊ូដង់ ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធ្វើការឆ្ពោះទៅរកស្ថិរភាព និងទប់ស្កាត់ជម្លោះបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





