កាតាបញ្ជាក់ជាថ្មីនូវការគាំទ្រដល់ប្រទេសលីបង់ និងសន្យាផ្តល់ជំនួយក្នុងការកសាងឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេស លោក ម៉ូហាមមេដ ប៊ីន អាប់ឌុលរ៉ាហ៍ម៉ាន់ អាល់ ថានី (Mohammed bin Abdulrahman Al Thani) បានអះអាងសារជាថ្មីនូវការគាំទ្រឥតងាករេរបស់ប្រទេសកាតាចំពោះប្រទេសលីបង់។
លោក អាល់ ថានី បាននិយាយក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីលីបង់ លោក ចូសេព អាអូន (Joseph Aoun) នៅវិមាន Baabda Palace ក្នុងទីក្រុងបៃរ៉ូតថា «ប្រទេសកាតានឹងដើរតួយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់ប្រទេសលីបង់»។
អ្នកការទូតកំពូលកាតាបានបង្ហាញក្តីសង្ឃឹមសម្រាប់ការបង្កើតរដ្ឋាភិបាលលីបង់ថ្មីយ៉ាងឆាប់រហ័សដែលបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរីទាំងអស់។
លោកក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសកាតាក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់ និងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការអនុវត្តន៍ដំណោះស្រាយលេខ ១៧០១ របស់អង្គការសហប្រជាជាតិ ដើម្បីគោរពអធិបតេយ្យភាពរបស់ប្រទេសលីបង់។
លោក អាល់ ថានី បានបន្ថែមដោយថ្កោលទោសការរំលោភលើកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែល ដែលបានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៤ និងបានបញ្ចប់ជម្លោះរយៈពេល ១៤ខែរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេបូឡាហ៍ ។
ចំណែកឯលោក អាអូន បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការគាំទ្ររបស់ប្រទេសកាតា ជាពិសេសក្នុងអំឡុងពេលមានការលំបាក។ លោកបានបញ្ជាក់ថា «ប្រទេសកាតាតែងតែឈរក្បែរប្រទេសលីបង់ និងជួយប្រជាជនខ្លួនក្នុងកាលៈទេសៈលំបាក»។
លោកប្រធានាធិបតីក៏បានលើកឡើងពីតួនាទីសំខាន់របស់ប្រទេសកាតាក្នុងការគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសលីបង់។ លោកបាននិយាយថា «យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែករបស់ប្រទេសកាតាជាពិសេសក្នុងការអភិវឌ្ឍវិស័យប្រេង និងឧស្ម័នរបស់ប្រទេសលីបង់ ហើយទន្ទឹងរង់ចាំការបន្តសកម្មភាពរុករករ៉ែឡើងវិញក្នុងពេលឆាប់ៗនេះ ដោយសហការជាមួយក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំង»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





