សភាអារ៉ាប់ថ្កោលទោសចំពោះវិធានការរបស់អ៊ីស្រាអែលដែលហាមឃាត់ទីភ្នាក់ងារ UNRWA
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានសភាអារ៉ាប់ លោក ម៉ូហាម៉េដ អាល់ យ៉ាម៉ាហ៊ី (Mohamed Al Yamahi) បានថ្កោលទោសចំពោះវិធានការណ៍ដែលធ្វើឡើងដោយអ៊ីស្រាអែល ដែលហាមឃាត់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA)។
មន្ត្រីរូបនេះបានរិះគន់នៅក្នុងសេចក្តីថ្លែងការណ៍មួយចំពោះសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ(Benjamin Netanyahu) ក្នុងការលុបចោលកិច្ចព្រមព្រៀងឆ្នាំ១៩៦៧ និងបានព្រមានអំពីផលវិបាក និងហានិភ័យសម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់។
លោកបានចង្អុលបង្ហាញថា សកម្មភាពប្រឆាំងនឹងទីភ្នាក់ងារនោះ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការមិនយកចិត្តទុកដាក់ចំពោះសហគមន៍អន្តរជាតិ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការការពារជនភៀសខ្លួនប៉ាឡេស្ទីន។
លោក អាល់ យ៉ាម៉ាហ៊ី ក៏បានអំពាវនាវឱ្យមានការគាំទ្រពីបណ្តាប្រទេសនៅអារ៉ាប់ និងសកលលោក ដើម្បីទប់ស្កាត់ការផ្លាស់ទីលំនៅរបស់ប្រជាជននៅតំបន់ហ្គាហ្សា ដូចដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឡើងកាលពីពេលថ្មីៗនេះ។
លោកក៏បានអំពាវនាវឱ្យពិភពលោក និងអង្គការសហប្រជាជាតិទទួលបន្ទុកខាងសីលធម៌ និងផ្លូវច្បាប់ ចាត់វិធានការជាក់ស្តែងដើម្បីបង្ខំអ៊ីស្រាអែលឱ្យបដិសេធសេចក្តីសម្រេចរបស់ខ្លួនក្នុងការបញ្ឈប់ប្រតិបត្តិការរបស់ទីភ្នាក់ងារនោះ ដែលផ្តល់ជំនួយដល់ប្រជាជនប្រមាណ ៦,៤លាននាក់។
ច្បាប់ចំនួនពីរដែលត្រូវបានអនុម័តដោយ Knesset (សភាអ៊ីស្រាអែល) ប្រឆាំងនឹងទីភ្នាក់ងារ UNRWA បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមករា ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





