បណ្តាប្រទេសនៅអឺរ៉ុបបដិសេធសំណើររបស់លោក ត្រាំ ក្នុងការផ្លាស់ប្តូរទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- បណ្តាមេដឹកនាំនៅអឺរ៉ុបមួយចំនួន កាលពីថ្ងៃពុធបានច្រានចោលផែនការដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការកាន់កាប់តំបន់ហ្គាហ្សា និងបង្ខំឱ្យមានការតាំងទីលំនៅថ្មីរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងប្រទេសផ្សេងទៀត។
ដោយបានច្រានចោលសំណើនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អេនណាឡេណា បែបូក (Annalena Baerbock) បាននិយាយថា ផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិភាព គឺជាដំណោះស្រាយរដ្ឋពីរដែលបានចរចា។
លោកស្រី បែបូក បាននិយាយថា «វាច្បាស់ណាស់ថា តំបន់ហ្គាហ្សាដូចជាវេសប៊ែង និងយេរុយសាឡឹមខាងកើតជាកម្មសិទ្ធិរបស់ប៉ាឡេស្ទីន»ដោយលោកស្រីបានព្រមានថា ការបណ្តេញប្រជាជនស៊ីវិលដោយបង្ខំនឹងជាការបំពានច្បាប់អន្តរជាតិ និងជាការបញ្ឆេះការស្អប់ខ្ពើមបន្ថែមទៀត។
លោកស្រីបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងក្រុមប្រទេស G7 បានប្រឆាំងយ៉ាងជាប់លាប់ចំពោះការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីន។
ប្រទេសបារាំងក៏បានច្រានចោលសំណើររបស់លោក ត្រាំ ភ្លាមៗផងដែរ ដោយបានបញ្ជាក់សារជាថ្មីថា តំបន់ហ្គាហ្សាគួរតែនៅតែជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសបារាំងបាននិយាយថា«អនាគតនៃតំបន់ហ្គាហ្សាត្រូវតែមិនមែននៅក្នុងទិដ្ឋភាពនៃការគ្រប់គ្រងដោយរដ្ឋទីបីនោះទេ ប៉ុន្តែនៅក្នុងក្របខ័ណ្ឌនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគតក្រោមការឧបត្ថម្ភរបស់អាជ្ញាធរប៉ាឡេស្ទីន»។
ប្រទេសបារាំងបានបញ្ជាក់សារជាថ្មីពីការប្រឆាំងរបស់ខ្លួនចំពោះការផ្លាស់ប្តូរទីលំនៅដោយបង្ខំរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលនឹងបង្កើតជាការបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិ ការវាយប្រហារលើសេចក្តីប្រាថ្នាស្របច្បាប់របស់ប៉ាឡេស្ទីន ហើយក៏ជាឧបសគ្គដ៏ធំចំពោះដំណោះស្រាយរដ្ឋពីរផងដែរ។
ឆ្លើយតបទៅនឹងបញ្ហាស្តីពីការកត់សម្គាល់របស់លោក ត្រាំ ចំពោះតំបន់ហ្គាហ្សា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក គៀរ ស្តាម័រ (Keir Starmer) បាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាត្រូវតែត្រូវបានអនុញ្ញាតឱ្យមានផ្ទះ ពួកគេត្រូវតែត្រូវបានអនុញ្ញាតឱ្យសាងសង់ឡើងវិញហើយយើងគួរតែនៅជាមួយពួកគេក្នុងការកសាងឡើងវិញតាមផ្លូវទៅកាន់ដំណោះស្រាយរដ្ឋពីរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





