ប្រធានាធិបតីប៉ាឡេស្ទីនច្រានចោលផែនការរបស់លោក ត្រាំ ក្នុងការកាន់កាប់តំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ (Mahmoud Abbas) បានច្រានចោលកាលពីថ្ងៃពុធនូវសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការកាន់កាប់តំបន់ហ្គាហ្សាស្រ្ទីប និងការបម្លាស់ទីប្រជាជនប៉ាឡេស្ទីននៅកាន់កន្លែងផ្សេង។
លោក អាប់បាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«យើងនឹងមិនអនុញ្ញាតឱ្យសិទ្ធិរបស់ប្រជាជនយើងដែលយើងបានតស៊ូអស់ជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវបានរំលោភបំពាននោះទេ»។
លោកបាននិយាយបន្ថែមថា «ការអំពាវនាវទាំងនេះតំណាងឱ្យការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ហើយសន្តិភាព និងស្ថិរភាពក្នុងតំបន់នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីន»។
លោក ត្រាំ បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោនជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីល្ងាចថ្ងៃអង្គារថាសហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សាបន្ទាប់ពីការបម្លាស់ទីប្រជាជនប៉ាឡេស្ទីនទៅកាន់កន្លែងផ្សេងទៀតក្រោមផែនការអភិវឌ្ឍន៍ឡើងវិញដ៏អស្ចារ្យមួយ។
លោក អាប់បាស់ បានសង្កត់ធ្ងន់ថា តំបន់ហ្គាហ្សាស្រ្ទីប គឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីន រួមជាមួយនឹងតំបន់វេសប៊ែង និងយេរុយសាឡឹមខាងកើត។
លោកបាននិយាយបន្ថែមថា «សិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន គឺមិនអាចចរចាបានទេ»។
លោក អាប់បាស់ បាននិយាយថា «គ្មាននរណាម្នាក់មានសិទ្ធិធ្វើការសម្រេចចិត្តលើអនាគតរបស់ប្រជាជនប៉ាឡេស្ទីនទេ លើកលែងតែអង្គការរំដោះប៉ាឡេស្ទីន (PLO) ដែលជាស្ថាប័នតំណាងផ្លូវការ និងស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន»។
មេដឹកនាំប៉ាឡេស្ទីនរូបនេះបានជំរុញឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីញ៉ូ ហ្គូតេរេស (Antonio Guterres)និងក្រុមប្រឹក្សាសន្តិសុខ អនុវត្តដំណោះស្រាយអន្តរជាតិ និងការពារសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន៕





