រដ្ឋមន្ត្រីការបរទេសតូកគី៖ ស៊ីរីមិនមានផែនការសម្រាប់សហព័ន្ធ និងតំបន់ស្វយ័តទេ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសតួកគី លោកហាកាន់ ហ្វីដេន (Hakan Fidan) បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលស៊ីរីក្រោយរបបលោក អាសាដ (Assad) មិនមានផែនការពាក់ព័ន្ធនឹងសហព័ន្ធឬតំបន់ស្វយ័តនោះទេ។
ថ្លែងនៅតុអ្នកនិពន្ធរបស់សារព័ត៌មានអាណាដូលូ (Anadolu) ក្នុងរដ្ឋធានីអង់ការ៉ា លោក ហ្វីដេន បានដោះស្រាយបញ្ហាសំខាន់ៗក្នុងតំបន់ដែលរួមមានទាំងគោលជំហររបស់ស៊ីរីទៅលើអំពើភេរវកម្ម និងកិច្ចសហប្រតិបត្តិការសន្តិសុខជាដើម។
លោក ហ្វីដេន បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចពិភាក្សាកាលពីថ្ងៃអង្គាររវាងប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) និងប្រធានាធិបតីស៊ីរី លោក អាម៉ាដ អាល់-សារ៉ាអា (Ahmad al-Sharaa) ដោយបាននិយាយថា ការពិភាក្សាបានគ្របដណ្តប់ទៅលើបញ្ហាសំខាន់ៗមួយចំនួន ដូចជាការកសាងឡើងវិញរបស់ប្រទេសស៊ីរី សន្តិសុខតាមព្រំដែន និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មប្រឆាំងនឹងក្រុមភេរវករ PKK/YPG និងក្រុមភេរវករ ISIS (Daesh)។
លោក ហ្វីដេន បាននិយាយថា «យើងមានការរំពឹងទុកដូចគ្នាពីប្រទេសស៊ីរី អ៊ីរ៉ាក់ និងអ៊ីរ៉ង់។ គ្រាន់តែយើងមិនបង្កើតការគំរាមកំហែងសម្រាប់ប្រទេសជិតខាងរបស់យើង ហើយយើងក៏រំពឹងថាប្រទេសជិតខាងរបស់យើងនឹងមិនបង្កការគំរាមកំហែងដល់យើងដែរនៅក្នុងកាលៈទេសៈណាក៏ដោយ នេះគឺជាអាទិភាពកំពូលរបស់យើង»។
លោកបាននិយាយបន្ថែមថា គោលជំហររបស់លោក អាម៉ាដ អាល់-សារ៉ាអា ទៅលើក្រុមភេរវករ PKK/YPG គឺមានភាពច្បាស់លាស់ណាស់ ហើយបំពេញតាមតម្រូវការសន្តិសុខរបស់តួកគី។
លោក ហ្វីដេន បាននិយាយថា ប្រទេសស៊ីរីនឹងបញ្ជូនត្រឡប់ទៅវិញ ឬសម្លាប់ចោលតែម្តងនូវក្រុមភេរវករ PKK ទាំងអស់ដែលចាប់បានមកពីប្រទេសផ្សេងៗ ដើម្បីធានាឯកភាពជាតិរបស់ខ្លួន៕





