អាល្លឺម៉ង់ និងអ៊ីស្រាអែល ចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនវានុវត្តន៍ និងឌីជីថល
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសអាល្លឺម៉ង់ និងអ៊ីស្រាអែល បានចាប់ផ្តើមអនុវត្តជាផ្លូវការនូវកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការឌីជីថល និងនវានុវត្តន៍ កាលពីថ្ងៃពុធ ខណៈដែលតំណាងមកពីបណ្តាញឌីជីថលជាតិរបស់អ៊ីស្រាអែល និងក្រសួងសហព័ន្ធសម្រាប់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់អាល្លឺម៉ង់បានចាប់ផ្តើមកិច្ចប្រជុំជុំទីមួយរបស់ពួកគេ។
ដោយត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា កិច្ចព្រមព្រៀងនេះបង្កើតវេទិកាសន្ទនាឌីជីថលរួមគ្នាមួយដែលផ្តោតសំខាន់ទៅលើបញ្ញាសិប្បនិម្មិត(AI) អត្តសញ្ញាណឌីជីថល ការគ្រប់គ្រងទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធពពករបស់រដ្ឋាភិបាល។
លោក វ៉ុលកឺរ វីស៊ីង (Volker Wiesing) រដ្ឋមន្ត្រីសហព័ន្ធដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់អាល្លឺម៉ង់ បាននិយាយថា «កិច្ចសន្ទនាឌីជីថលបានបង្ហាញឱ្យឃើញកាន់តែស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសអាល្លឺម៉ង់ និងអ៊ីស្រាអែល។ តាមរយៈការលើកកម្ពស់នវានុវត្តន៍និងការប្រើប្រាស់ចំណេះដឹងទៅវិញទៅមក យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





