រដ្ឋមន្រ្តីការបរទេសឥណ្ឌាជួបពិភាក្សាជាមួយប្រធាន UNGA ពិភាក្សាអំពីរបៀបវារៈរបស់អង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក អេស ចៃស្សាន់ការ (S Jaishankar) កាលពីថ្ងៃពុធបានជួបជាមួយលោក ហ្វីលម៉ុន យ៉ាង (Philemon Yang) ប្រធានសម័យប្រជុំលើកទី៧៩នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) និងបានពិភាក្សាអំពីបញ្ហាផ្សេងៗទៅលើរបៀបវារៈរបស់អង្គការសហប្រជាជាតិ។
លោក ចៃស្សាន់ការ បាននិយាយថា ពួកគេបានផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាក្នុងតំបន់ ក្នុងពិភពលោក និងការអភិវឌ្ឍ។
លោក យ៉ាង បានទៅដល់ទីក្រុងញូវដេលីកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសឥណ្ឌាតាមការអញ្ជើញរបស់លោករដ្ឋមន្ត្រីការបរទេស អេស ចៃស្សាន់ការ។
នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គមអ៊ិច (X) លោក ចៃស្សាន់ការ បាននិយាយថា «ខ្ញុំរីករាយដែលបានជួបប្រធានសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក ហ្វីលម៉ុន យ៉ាង នៅរសៀលថ្ងៃនេះនៅទីក្រុងដេលី ដោយយើងបានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិ រួមទាំងតម្រូវការសម្រាប់កំណែទម្រង់ពហុភាគីនិយម ហើយក៏បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាក្នុងតំបន់ក្នុងពិភពលោក និងការអភិវឌ្ឍ។ ខ្ញុំសូមកោតសរសើរចំពោះការដឹកនាំ និងការណែនាំរបស់លោកនៅអង្គការសហប្រជាជាតិ»។
ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់ទៅលើបញ្ហាពហុភាគី និងបញ្ហាសំខាន់ៗក្នុងតំបន់ ជាមួយនឹងកិច្ចពិភាក្សារវាងលោក ចៃស្សាន់ការ និងលោក យ៉ាង ដែលគ្រោងនឹងដោះស្រាយបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក។ លោក យ៉ាង ក៏នឹងអំពាវនាវដល់ប្រធានាធិបតីឥណ្ឌា លោកស្រី ឌ្រូប៉ាឌី ម័រមូ (Droupadi Murmu) ឱ្យពង្រឹងទំនាក់ទំនងរបស់ឥណ្ឌាជាមួយអង្គការសហប្រជាជាតិបន្ថែមទៀតផងដែរ។
លោក រេនឌៀរ ចៃស្វាល់ (Randhir Jaiswal) អ្នកនាំពាក្យក្រសួងការបរទេសបានបង្ហោះសារនៅលើបណ្តាញសង្គមអ៊ិចដោយបាននិយាយថា«សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហ្វីលម៉ុន យ៉ាង មកកាន់ប្រទេសឥណ្ឌា។ នេះជាឱកាសមួយដើម្បីបង្កើនការចូលរួមរបស់ឥណ្ឌា-អង្គការសហប្រជាជាតិក្នុងការឈានទៅដល់ខួបលើកទី៨០ នៃអង្គការសហប្រជាជាតិ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





