មេដឹកនាំកូរ៉េខាងជើង លោក គីម ផ្ញើសារអបអរសាទរដល់ប្រធានាធិបតីបេឡារុស្សដែលត្រូវបានជាប់ឆ្នោតឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអង្គារ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន(Kim Jong-un) បានផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីបេឡារុស្សលោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) ដែលទើបជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទី៧ របស់លោក។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក គីម ត្រូវបានដកស្រង់សម្តីនៅក្នុងសារដែលបានផ្ញើកាលពីថ្ងៃមុននេះថា «ខ្ញុំសូមអបអរសាទរចំពោះលោកនៅក្នុងការបោះឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស្ស»។
លោក គីម បាននិយាយថា «ខ្ញុំបានបង្ហាញពីការរំពឹងទុករបស់ខ្ញុំថាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េខាងជើង និងសាធារណរដ្ឋបេឡារុស្ស នឹងអភិវឌ្ឍន៍ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ»។
លោក លូកាសេនកូ បានឈ្នះការបោះឆ្នោតសម្រាប់អាណត្តិ ៥ឆ្នាំលើកឆ្នាំទី៧ ក្នុងនាមជាប្រធានាធិបតីបេឡារុស្សនៅក្នុងការបោះឆ្នោតកាលពីខែមុនដោយបានបន្តការគ្រប់គ្រងរបស់លោករយៈពេល ៣០ឆ្នាំ។
របាយការណ៍បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីសេចក្តីថ្លែងការណ៍កាលពីពីរសប្តាហ៍មុនរបស់ លោកស្រី គីម យ៉ូជុង (Kim Yo-jong) ដែលក្នុងនោះលោកស្រីបានបដិសេធការអះអាងរបស់លោក លូកាសេនកូ ដែលថាប្រទេសកូរ៉េខាងជើងបានស្នើឱ្យមានកិច្ចប្រជុំកំពូល ហើយលោកស្រីបានសង្កត់ធ្ងន់ថា «ភាពស្មោះត្រង់ និងភាពមិនលំអៀង» គួរតែជាចំណុចចាប់ផ្តើមនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រទេសកូរ៉េខាងជើងត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសបេឡារុស្ស នៅពេលដែលខ្លួនមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីកាន់តែស៊ីជម្រៅ។ លោក លូកាសេនកូ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





