នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនប្រកាសបង្កើតគណៈកម្មាធិការដើម្បីត្រួតពិនិត្យកិច្ចការតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានរដ្ឋWAFA បានរាយការណ៍ថា នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក ម៉ូហាមម៉ាដ មូស្តាហ្វា (Mohammad Mustafa) បានប្រកាសកាលពីថ្ងៃអង្គារ អំពីការបង្កើតគណៈកម្មាធិការការងារមួយដើម្បីគ្រប់គ្រងកិច្ចការនៅតំបន់ហ្គាហ្សាស្ទ្រីប តាមការណែនាំរបស់ប្រធានាធិបតី លោក ម៉ាហ៍មូដ អាប់បាស(Mahmoud Abbas) ។
លោក មូស្ដាហ្វា បាននិយាយក្នុងអំឡុងសម័យប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅទីក្រុង រ៉ាម៉ាល់ឡាហ៍ថា ការផ្លាស់ប្តូរនេះមានគោលបំណងបញ្ជាក់ពី «ការរួបរួមនៃទឹកដីរបស់រដ្ឋប៉ាឡេស្ទីន» និងពង្រឹងការរួបរួមជាតិ។លោកបានបន្ថែមថា គណៈកម្មាធិការនឹងសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ បោសសម្អាតកម្ទេចកម្ទី បើកចំហ និងបង្កើតជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួន មុនពេលកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញកាន់តែទូលំទូលាយ។
លោក មូស្ដាហ្វា បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះការស្ដារឡើងវិញនូវសេវាមូលដ្ឋាន រួមទាំងប្រព័ន្ធទឹកអគ្គិសនី ការថែទាំសុខភាព និងការអប់រំ ហើយមានបន្ទប់ប្រតិបត្តិការសង្គ្រោះបន្ទាន់មួយនៅក្នុងខេត្តភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ លោកបាននិយាយថា«ការទទួលខុសត្រូវជាតិបានបង្ខំយើងឱ្យគាំទ្រប្រជាជនរបស់យើងដែលបានស៊ូទ្រាំនឹងភាពរន្ធត់នៃសង្គ្រាមរយៈពេល ១៥ខែ»។
ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ក្នុងតំបន់ហ្គាហ្សាបានប៉ាន់ប្រមាណចំពោះការខាតបង់ដោយផ្ទាល់ពីការវាយប្រហាររបស់យោធាអ៊ីស្រាអែលចំនួនជាង ៥០ប៊ីលានដុល្លារអាម៉េរិកចំពោះហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេដ្ឋកិច្ច។
លោក មូស្ដាហ្វា បាននិយាយថា ផែនការកសាងឡើងវិញនឹងត្រូវបានសម្របសម្រួលជាមួយប្រទេសអេហ្ស៊ីប ដែលមានព្រំប្រទល់ជាប់តំបន់ហ្គាហ្សា និងបានសម្រុះសម្រួលគ្នារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលដោយប្រទេសកាតា និងសហរដ្ឋអាមេរិក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





