អេក្វាឌ័រនឹងដាក់ពន្ធ ២៧% លើការនាំចូលទំនិញពីប្រទេសម៉ិកស៊ិក
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីអេក្វាឌ័រ លោក ដាញ៉ែល ណូប៊ូអា (Daniel Noboa) បាននិយាយថា ប្រទេសនេះនឹងដាក់ពន្ធ២៧% លើផលិតផលដែលនាំចូលពីប្រទេសម៉ិកស៊ិក ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក។
នៅក្នុងការបង្ហោះនៅលើវេទិកាសង្គមអ៊ិច លោក ណូប៊ូអា បាននិយាយថា «ប្រទេសអេក្វាឌ័រតែងតែបើកចំហសម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្ម ប៉ុន្តែមិនមែននៅពេលដែលមានការរំលោភបំពានទេ»។
លោក ណូប៊ូអា បាននិយាយថា «យើងផ្តល់សច្ចាប័នលើគោលជំហររបស់យើងក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសម៉ិកស៊ិក។ ប៉ុន្តែរហូតទាល់តែវាកើតឡើង និងក្លាយជាការពិត យើងនឹងអនុវត្តន៍ពន្ធ ២៧% លើផលិតផលដែលយើងនាំចូល ដោយមានគោលដៅលើកកម្ពស់ឧស្សាហកម្មរបស់យើង និងធានាឱ្យមានភាពយុត្តិធម៌សម្រាប់អ្នកផលិតរបស់យើង»។
ការិយាល័យប្រធានាធិបតី និងក្រសួងការបរទេសមិនបានចេញសេចក្តីលម្អិតណាមួយអំពីពេលដែលពន្ធគយនឹងចូលជាធរមាននោះទេ។នាយកដ្ឋានទំនាក់ទំនងរបស់ក្រសួងការបរទេសបាននិយាយថា ក្រសួងផលិតកម្ម ពាណិជ្ជកម្មបរទេស ការវិនិយោគ និងនេសាទ បានទទួលខុសត្រូវចំពោះ «ការសម្រេចចិត្តលើការកំណត់ពន្ធគយ»។
ប្រទេសអេក្វាឌ័រ និងម៉ិកស៊ិក បានផ្តាច់ទំនាក់ទំនងការទូតនៅខែមេសាឆ្នាំ២០២៤ បន្ទាប់ពីប៉ូលិសអេក្វាឌ័របានឆ្មក់ចូលស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងគីតូដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតី លោក ចច ហ្គ្លាស (Jorge Glas) ដែលបានស្វែងរកការជ្រកកោននៅទីនោះ។
លោក ហ្គ្លាស ត្រូវបានកាត់ទោសពីបទពុករលួយ ហើយបានចាប់ខ្លួនបន្ទាប់ពីប្រទេសម៉ិកស៊ិកបានផ្តល់សិទ្ធិជ្រកកោននយោបាយដល់លោក។បច្ចុប្បន្នលោកត្រូវបានឃុំខ្លួននៅពន្ធនាគារសន្តិសុខអតិបរមា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





