អ៊ីរ៉ង់ចុះបញ្ជីកំណើននៃការនាំចេញមិនមែនប្រេង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- អង្គការជំរុញពាណិជ្ជកម្មរបស់ប្រទេស (TPO) បាននិយាយថា ការនាំចេញមិនមែនប្រេងរបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំប្រតិទិនអ៊ីរ៉ង់បច្ចុប្បន្ន បានកើនឡើង១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមតួលេខរបស់អង្គការ TPO បានឱ្យដឹងថា ការនាំចេញមិនមែនប្រេងមានតម្លៃ ៤៧,៧៥ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំប្រតិទិនរបស់អ៊ីរ៉ង់បច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅថ្ងៃទី២០ ខែមីនាឆ្នាំ២០២៤។ ទម្ងន់សរុបនៃការនាំចេញមិនមែនប្រេងឈានដល់១២៧,៣៩លានតោន បានកើនឡើង ១២%។
អង្គការ TPO បាននិយាយថា ការនាំចេញមិនមែនប្រេងសំខាន់ៗរបស់ប្រទេសអ៊ីរ៉ង់ រួមមានឧស្ម័នធម្មជាតិ សារធាតុប្រូប៉ានរាវ មេតាណុលសារធាតុប៊ុយតានរាវ និងធ្យូងថ្ម ដោយគោលដៅនាំចេញសំខាន់ៗគឺប្រទេសចិន អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម និងប្រទេសតួកគី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





