កម្មករអណ្តូងរ៉ែចំនួន ១២នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ការបាក់រលំអណ្តូងរ៉ែមាសនៅភាគខាងលិចប្រទេសកេនយ៉ា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រុមមន្ត្រីបានបញ្ជាក់កាលពីថ្ងៃអង្គារថា កម្មករអណ្តូងរ៉ែចំនួន ១២នាក់ដែលត្រូវបានជាប់នៅក្នុងអណ្តូងរ៉ែមាសមួយបានបាក់រលំនៅភាគខាងលិចប្រទេសកេនយ៉ាត្រូវបានជួយសង្គ្រោះ។
ប៉ូលីស និងសមាគមកាកបាទក្រហមកេនយ៉ាដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បាននិយាយថា កម្មកររ៉ែទាំង ១២នាក់ត្រូវបានជាប់នៅក្នុងនោះ បន្ទាប់ពីជញ្ជាំងអណ្តូងរ៉ែដែលពួកគេកំពុងជីកបានបាក់រលំទៅលើពួកគេនៅក្នុងទីក្រុងស៊ីនយ៉ាលូ ស្រុកកាកាមេហ្គា នៅម៉ោងប្រហែល ៦:០០នាទីល្ងាច (ម៉ោងក្នុងតំបន់)។
យោងតាមការបញ្ជាក់របស់ លោក ដាញ៉ែល មូគុមប៊ូ (Daniel Mukumbu) មេបញ្ជាការប៉ូលិសរងទីក្រុងស៊ីនយ៉ាលូ បានឱ្យដឹងថា កម្មករអណ្តូងរ៉ែជាង ២០នាក់កំពុងធ្វើការនៅពេលមានឧបទ្ទវហេតុនេះ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះអាចទាញយកពួកគេចេញបានទាំងអស់ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះដែលធ្វើឡើងដោយប៉ូលីស ក្រុមសង្គ្រោះគ្រោះមហន្តរាយស្រុក និងអង្គការមនុស្សធម៌កាលពីព្រឹកថ្ងៃអង្គារ។
លេខាធិការខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជាលេខាធិការទទួលបន្ទុកកិច្ចការបរទេស និងជនភៀសខ្លួន លោក មូសាលៀ មូដាវ៉ាឌី (Musalia Mudavadi) បានជំរុញសហគមន៍រុករករ៉ែឱ្យយកចិត្តទុកដាក់កាន់តែខ្លាំងលើវិធានការសុវត្ថិភាពនៅក្នុងឧស្សាហកម្មនេះ។
ការរុករករ៉ែនៅប្រទេសកេនយ៉ាត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដោយសារតែការប្រុងប្រយ័ត្នសុវត្ថិភាពមិនល្អ ហើយមានការបាក់រលំជាញឹកញាប់ដែលបណ្តាលឱ្យមានអ្នកស្លាប់ក្នុង រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





