រុស្ស៊ីនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល Oreshnik នៅក្នុងប្រទេសបេឡារុស្ស
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមអ្នកការទូតជាន់ខ្ពស់រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលអូរេសនីក (Oreshnik) នៅក្នុងប្រទេសបេឡារុស្ស ស្របតាមកិច្ចព្រមព្រៀងដែលបានឈានដល់រវាងមេដឹកនាំនៃប្រទេសទាំងពីរ។
លោក អាឡេសេយ ប៉ូលីសជូក (Alexey Polishchuk) ប្រធាននាយកដ្ឋានទីពីរនៃរដ្ឋឯករាជ្យនៅក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថា «ស្របតាមការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្ត ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ដល់ទីក្រុង Minsk និងចាត់វិធានការដើម្បីការការពាររួមរបស់យើង»។
លោកបានសង្កត់ធ្ងន់ថា មីស៊ីល Oreshnik រយៈចម្ងាយមធ្យមនឹងត្រូវដាក់នៅក្នុងប្រទេសបេឡារុស្ស ដែលជាផ្នែកនៃកិច្ចព្រមព្រៀងទាំងនេះ។
លោក ប៉ូលីសជូក បានបន្ថែមថា ប្រទេសបេឡារុស្សបានរៀបចំកងកម្លាំងក្នុងតំបន់រួមគ្នា ប្រព័ន្ធការពាររុស្ស៊ីទំនើប និងអាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្ររួចហើយ ដោយលោកបានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធ និងភ្នាក់ងារសន្តិសុខរបស់ប្រទេសមានសមត្ថភាពក្នុងការដោះស្រាយការគំរាមកំហែងទាំងផ្នែកខាងក្រៅ និងខាងក្នុងដោយឯករាជ្យ។
នៅចុងខែមករា ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) បានប្រកាសថា ប្រព័ន្ធមីស៊ីលលឿនជាងសំឡេង Oreshnik របស់ប្រទេសរុស្ស៊ីនឹងមកដល់ប្រទេសបេឡារុស្ស«នៅថ្ងៃណាមួយនាពេលឥឡូវនេះ» ដោយលោកបានបន្ថែមថា ប្រព័ន្ធនេះអាចត្រូវបានដាក់ពង្រាយនៅជិតតំបន់ Smolensk ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





