ឥណ្ឌូណេស៊ីបង្កើនថវិកាសម្រាប់កម្មវិធីផ្តល់អាហារឥតគិតថ្លៃ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី ស្រ៊ី មូលីយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati)បានប្រកាសបង្កើនថវិកាសម្រាប់កម្មវិធីផ្តល់អាហាររូបត្ថម្ភឥតគិតថ្លៃ (MBG) ដល់ចំនួន ១០០ពាន់ពាន់លានរូពៀ (៥,៩ពាន់លានដុល្លារអាម៉េរិក)។
ថ្លែងនៅក្នុងកម្មវិធីទស្សនវិស័យមីក្រូហិរញ្ញវត្ថុ BRI ឆ្នាំ២០២៥ នៅទីក្រុងតាងហ្គេរ៉ាងកាលពីថ្ងៃទី៣០ ខែមករា លោកស្រី អ៊ីនដ្រាវ៉ាទី បានបង្ហាញថា ថវិការបស់កម្មវិធីនេះនឹងកើនឡើងពី ៧១ពាន់ពាន់លានរូពៀ(៤,២ពាន់លានដុល្លារអាម៉េរិក) ដល់ ១០០ពាន់ពាន់លានរូពៀ ដែលជាការផ្លាស់ប្តូរមួយក្នុងគោលបំណងជំរុញអាជីវកម្មខ្នាតតូច និងមធ្យមនៅទូទាំងប្រទេស។
លោកស្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំពុងផ្តោតសំខាន់ទៅលើប្រសិទ្ធភាពថវិកា បង្កើនប្រសិទ្ធភាពចំណាយរបស់រដ្ឋដើម្បីធានានូវការប្រើប្រាស់មូលនិធិសាធារណៈប្រកបដោយប្រសិទ្ធភាពសម្រាប់ផលប្រយោជន៍សហគមន៍ រួមទាំងកម្មវិធី MBG ផងដែរ។
លោកស្រីបានកត់សម្គាល់ថា កម្មវិធី MBG ដែលផ្តោតទៅលើអ្នកទទួលផលចំនួន ៨២,៩លាននាក់ តំណាងឱ្យការវិនិយោគរយៈពេលវែងដ៏សំខាន់មួយ។
ដើមឡើយ កម្មវិធីនេះត្រូវបានកំណត់ថានឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៥ ប៉ុន្តែពេលវេលារបស់កម្មវិធីនេះត្រូវបានកំណត់ឡើងវិញត្រឹមខែកញ្ញា ឆ្នាំ២០២៥ តាមការណែនាំរបស់លោកប្រធានាធិបតី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





