គ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រវាយប្រហារប្រទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមទីភ្នាក់ងារឧតុនិយមអាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថាការរញ្ជួយដីកម្រិត ៦,១រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រនៃខេត្តម៉ាលូគូខាងជើងរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកព្រលឹមថ្ងៃទី០៤ ខែកុម្ភៈ(ម៉ោងក្នុងតំបន់)។
មិនមានការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានចេញផ្សាយទេបន្ទាប់ពីការរញ្ជួយដីនោះ។
ទីភ្នាក់ងារនោះបាននិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ០៤:៣៥នាទីព្រឹកព្រលឹម (ម៉ោងនៅទីក្រុងហ្សាការតា) ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល ៨៦គីឡូម៉ែត្រភាគឦសាននៃកោះដយ នៅក្នុងតំបន់ហាល់ម៉ាហេរ៉ាខាងជើងក្នុងជម្រៅ ១០៥គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។
ទីភ្នាក់ងារនោះបានចេញផ្សាយជាលើកដំបូងនូវកម្រិតរញ្ជួយដីកម្រិត៦,២រ៉ិចទ័រមុននឹងធ្វើការកែសម្រួលកម្រិតនេះឡើងវិញ។
ដោយស្ថិតនៅលើតំបន់ដែលងាយរងគ្រោះ ហៅថារង្វង់ភ្លើងប៉ាស៊ីហ្វិក ប្រទេសឥណ្ឌូណេស៊ីតែងតែរងគ្រោះដោយសារការរញ្ជួយដីជាញឹកញាប់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





