ថៃនឹងបន្ថយការផ្គត់ផ្គង់ថាមពលពាក់កណ្តាលដល់ទីក្រុងចំនួនពីររបស់មីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភុមថាម វេឆាយាឆៃ (Phumtham Wechayachai) បាននិយាយថា ប្រទេសថៃនឹងកាត់បន្ថយការផ្គត់ផ្គង់ថាមពលពាក់កណ្តាលដល់ទីក្រុងចំនួនពីរក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធដល់ប្រទេសជិតខាងមួយនេះក្នុងការបង្ក្រាបក្រុមទំនើងទាក់ទងនឹងការបំពានតាមទូរសព្ទដែលកំពុងប្រតិបត្តិការនៅក្នុងព្រំដែនរបស់ខ្លួន។
លោក ភុមថាម បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដែលលោកជាប្រធាននឹងកំណត់គោលដៅទៅលើទីក្រុងស្វេកុកកូ និងទីក្រុងខេខេផាក ដែលមានទីតាំងនៅក្នុងខេត្តមីយ៉ាវ៉ាដឌីរបស់ប្រទេសមីយ៉ាន់ម៉ា ដោយដំបូងនឹងកាត់បន្ថយការផ្គត់ផ្គង់ថាមពល ៥០% ជាការព្រមាន។
លោកបានព្រមានថា ប្រសិនបើគ្មានចំណាត់ការណាមួយប្រឆាំងនឹងសកម្មភាពខុសច្បាប់នៅក្នុងតំបន់ទាំងនោះទេ ក្រុមប្រឹក្សា NSC អាចនឹងដាក់វិធានការយ៉ាងតឹងរ៉ឹងដោយកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទាំងស្រុងតែម្តង។
លោក ភុមថាម ត្រូវបានគេរំពឹងថានឹងទៅទស្សនកិច្ចនៅស្រុកមេសុតនៅថ្ងៃទី០៦ ខែកុម្ភៈ ដើម្បីពិនិត្យមើលស្ថានភាពនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់មកនឹងចេញបទបញ្ជាកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីចំនួន៥០% សម្រាប់តំបន់នោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





