ឥណ្ឌូណេស៊ីនឹងផ្តល់ជំនួយដល់ប្រជាជនក្រីក្រខ្លាំងចំនួន ៣,១លាននាក់
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក អាប់ឌុល មូហៃមីន អ៊ីសកាន់ដារ (Abdul Muhaimin Iskandar) រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសម្រាប់ការពង្រឹងអំណាចសហគមន៍របស់ឥណ្ឌូណេស៊ីបាននិយាយថារដ្ឋាភិបាលនឹងផ្តោតសំខាន់ទៅលើការផ្តល់ជំនួយសង្គមដល់ប្រជាជនឥណ្ឌូណេស៊ីចំនួន ៣,១លាននាក់ដែលត្រូវបានចាត់ថ្នាក់ថាជាជនក្រីក្របំផុត។
ដោយនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក អ៊ីសកាន់ដារ បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានផ្តោតទៅការយកចិត្តទុកដាក់ទៅលើការជម្នះរាល់បញ្ហាដែលប្រជាជនឥណ្ឌូណេស៊ីប្រឈមមុខក្នុងប្រភេទក្រីក្រខ្លាំង ដោយលោកបាននិយាយបន្ថែមថា ជំនួយនឹងត្រូវផ្តល់ជាបីដំណាក់កាល។
យោងតាមមន្ត្រីនោះ បានឱ្យដឹងថា ដំណាក់កាលដំបូងពាក់ព័ន្ធនឹងការបង្កើនជំនួយពិសេសសម្រាប់ប្រជាជនក្រីក្រខ្លាំង។ នៅដំណាក់កាលទីពីររដ្ឋាភិបាលនឹងផ្តល់លទ្ធភាពដល់ប្រជាជនក្រីក្របំផុតនៃអាយុផលិតភាពដល់កម្មវិធីអភិវឌ្ឍន៍ជំនាញ ហើយក្នុងដំណាក់កាលទីបី អ្នកដែលចាត់ទុកថាជាប្រជាជនក្រីក្រខ្លាំងបំផុតនឹងត្រូវបានលើកទឹកចិត្តឱ្យមានឯករាជ្យភាព។
ដើម្បីរៀបចំទិន្នន័យស្តីពីប្រជាជនក្រីក្រខ្លាំង ក្រសួងសង្គមកិច្ចនឹងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាក្នុងការកសាងកំណត់ហេតុទិន្នន័យ។ ភ្នាក់ងារពាក់ព័ន្ធនឹងបំពេញ និងពិនិត្យទិន្នន័យឡើងវិញមុននឹងផ្តល់កម្មវិធីគាំពារសង្គម និងសន្តិសុខសម្រាប់ប្រជាជនក្រីក្រខ្លាំង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





