ប្រធានរដ្ឋសភាផ្ញើលិខិតជូនគណៈប្រតិភូសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានរដ្ឋសភា លោក វូ វ៉ុនស៊ីក (Woo Won-shik) កាលពីថ្ងៃចន្ទ បានផ្តល់លិខិតមួយច្បាប់ទៅកាន់គណៈប្រតិភូពិសេសមួយដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។
គណៈប្រតិភូពិសេសដែលរួមមានតំណាងរាស្រ្ត លោក ជុង ដុងយ៉ុង (Chung Dong-young) មកពីគណបក្សប្រជាធិបតេយ្យប្រឆាំងធំ តំណាងរាស្រ្ត លោក ចូ យុងតេ (Cho Kyung-tae) មកពីគណបក្សអំណាចប្រជាជន និងក្រុមផ្សេងទៀត គ្រោងនឹងជួបមន្ត្រីសហរដ្ឋអាមេរិកនៅថ្ងៃទី១០-១៥ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក)។
លោក វូ បាននិយាយថា លិខិតនេះនឹងត្រូវបញ្ជូនទៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អនុប្រធានាធិបតីលោក ជេមស៍ ដាវីដ វ៉ាន់ (J.D. Vance) ប្រធានសភា លោក ម៉ៃ ចនសុន (Mike Johnson) និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
លោកបានស្នើឱ្យគណៈប្រតិភូគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់សភាក្នុងការបន្ធូរបន្ថយកង្វល់ពីសហគមន៍អន្តរជាតិជុំវិញអស្ថិរភាពនយោបាយ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល(Yoon Suk Yeol) បានដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ។គណៈប្រតិភូមួយផ្សេងទៀតក្នុងនាមលោក វូ ត្រូវបានគេរំពឹងថានឹងថ្លែងសារដូចគ្នាទៅកាន់មន្ត្រីនៃប្រទេសអង់គ្លេស សហភាពអឺរ៉ុប និងសហភាពអន្តរសភាចាប់ពីថ្ងៃទី៥-១២ ខែកុម្ភៈ (ម៉ោងក្នុងតំបន់)៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





