កងរក្សាសន្តិភាពតង់ហ្សានី ២នាក់បានស្លាប់ និង ៤នាក់បានរងរបួសនៅប្រទេសកុងហ្គោ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- កងកម្លាំងការពារជាតិតង់ហ្សានី(TPDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងរក្សាសន្តិភាពតង់ហ្សានី ២នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងជម្លោះដែលកំពុងបន្តនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC) ។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ការរៀបចំកំពុងត្រូវបានធ្វើឡើងដើម្បីដឹកជញ្ជូនអ្នកស្លាប់ និងទាហានដែលរងរបួសត្រឡប់ទៅប្រទេសតង់ហ្សានីវិញ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ទាហានត្រូវបានវាយឆ្មក់ដោយក្រុមឧទ្ទាមចលនា ២៣មីនា នៅតំបន់សាកា និង តំបន់ហ្គោម៉ា ភាគខាងកើតប្រទេសកុងហ្គោនៅថ្ងៃទី២៤ ខែមករា និងថ្ងៃទី២៨ ខែមករា។
ទោះបីជាមានសោកនាដកម្មក៏ដោយ កងកម្លាំង TPDF បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបេសកកម្មរក្សាសន្តិភាពរបស់ខ្លួននៅក្នុងប្រទេសកុងហ្គោ ក្រោមការណែនាំពីសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូងនិងអង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី២៩ ខែមករា ប្រមុខរដ្ឋនៃសហគមន៍អាហ្វ្រិកខាងកើត(EAC) បានអំពាវនាវឱ្យភាគីទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះនៅភាគខាងកើតប្រទេសកុងហ្គោ បញ្ឈប់អរិភាព និងសង្កេតមើលបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយអនុញ្ញាតឱ្យជនភៀសខ្លួនទទួលបានសេវាមនុស្សធម៌។
រដ្ឋជាសមាជិកនៃសហគមន៍ EAC ដែលជាអង្គការអន្តររដ្ឋាភិបាលដែលមានគោលបំណងលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនយោបាយ និងសង្គមនៅក្នុងតំបន់ គឺប្រទេសប៊ូរុនឌី កេនយ៉ា រវ៉ាន់ដាសូម៉ាលី ស៊ូដង់ខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ តង់ហ្សានីនិងអ៊ូហ្គង់ដា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





