ហ្គីណេប៊ីសូស្វែងរកកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំងជាមួយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក អាម៉ាឌូ ឌីចាម៉ាន់កា (Amadu Djamanca) អគ្គនាយកទូរទស្សន៍ជាតិហ្គីណេប៊ីសូ បាននិយាយថាប្រទេសហ្គីណេប៊ីសូទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសចិន ដើម្បីជំរុញឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងពង្រីកសំឡេងរបស់ខ្លួននៅលើឆាកពិភពលោក។
លោក ឌីចាម៉ាន់កា បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយសារព័ត៌មានស៊ីនហួ ក្នុងរដ្ឋធានីប៊ីសូថា ប្រទេសចិនបានផ្សព្វផ្សាយយ៉ាងសកម្មចំពោះសំឡេងទ្វីបអាហ្រ្វិកនៅលើសកលលោកដោយបានផ្តល់ឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយទ្វីបអាហ្រ្វិកដើម្បីចែករំលែកពីមតិរបស់ពួកគេ។
លោកបានសម្តែងក្តីសង្ឃឹមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈការចែករំលែកខ្លឹមសារ និងការបណ្តុះបណ្តាលបុគ្គលិក ដោយប្រើប្រាស់បទពិសោធន៍របស់ប្រទេសចិន ដើម្បីបង្កើនសមត្ថភាពរបស់អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយប្រទេសហ្គីណេប៊ីសូ។
លោក ឌីចាម៉ាន់កា បាននិយាយថា ការបង្កើតភាពជាដៃគូរយៈពេលវែងជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន នឹងជួយប្រទេសហ្គីណេប៊ីសូនៅការបង្ហាញពីវប្បធម៌របស់ខ្លួន និងអាចឱ្យទស្សនិកជនចិនកាន់តែច្រើនដើម្បីស្វែងយល់អំពីរឿងរ៉ាវរបស់ប្រទេសនេះ។
លោកបាននិយាយថា «គំរូកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនបានគោរពតាមតម្រូវការក្នុងស្រុក និងផ្តល់អាទិភាពដល់លទ្ធផលជាក់ស្តែង» ។«វិធីសាស្រ្តនេះធានាបាននូវនិរន្តរភាព រយៈពេលវែងនៃគម្រោងដែលអនុញ្ញាតឱ្យយើងទទួលបានអត្ថប្រយោជន៍យ៉ាងពិតប្រាកដ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





